រថយន្ត

Nissan បញ្ចេញរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន នោះគឺ Ariya ស៊េរីថ្មីឆ្នាំ2021 ស្អាតខុសពីរាល់ដង ហើយបច្ចេកវិទ្យាក៏ទាន់សម័យ

BY
autoadmin
July 16, 2020

ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួនមានផែនការផ្លាស់ប្តូរថ្មីៗដើម្បីសម្រេចបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយចីរភាពនៅចុងឆ្នាំ2023។ ដូច្នេះហើយការបង្ហាញខ្លួនរថយន្ត Nissan Ariya ស៊េរីថ្មីឆ្នាំ2021 ប្រភេទ Crossover អគ្គិសនីសុទ្ធមួយនេះ គឺជាផ្នែកមួយនៃផែនការនោះហើយ។ រថយន្តនេះត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាកម្សាន្ត infotainment នៅខាងក្នុងយ៉ាងពិសេស ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្នកបើកបរសម័យទំនើប ហើយចំពោះការរចនារបស់វាគឺមិនធ្វើឱ្យខកបំណងអ្នកគាំទ្រនោះទេ។

ក្រុមហ៊ុន Nissan បានដាក់បង្ហាញរថយន្ត Ariya នៅក្នុងព្រឹត្តិការណ៍និម្មិតមួយនៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ហើយរថយន្តអគ្គិសនីនេះត្រូវបានគេដឹងថា អាចបើកបរបានចម្ងាយប្រហែល ៣០០ម៉ាយ (482គីឡូម៉ែត្រ) នៅរាល់ពេលសាកថ្មពេញម្ដង សម្រាប់ប្រភេទប្រើប៉ុង2 (2WD)។ រថយន្ត Ariya នឹងលក់រាយក្នុងតម្លៃប្រហែល 40,000 ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ហើយ Nissan នឹងចាប់ផ្តើមលក់វានៅប្រទេសជប៉ុននៅពាក់កណ្តាលឆ្នាំ2021 បន្ទាប់មកនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនោះទៀត។

រថយន្ត Ariya ជារថយន្តអគ្គិសនីសុទ្ធ 100% ដោយមានបំពាក់បច្ចេកវិទ្យាឥតខ្សែ Apple CarPlay និង Android Auto ។ នេះមានន័យថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android អាចភ្ជាប់តន្ត្រី និងផតខាស់ សារ និងការហៅទូរស័ព្ទ និងការធ្វើដំណើរពីស្មាតហ្វូនទៅប្រព័ន្ធកម្សាន្តរបស់រថយន្តដោយមិនចាំបាច់ភ្ជាប់ខ្សែនោះទេ។ ចុះការសាកថ្មទូរស័ព្ទរបស់អ្នកវិញ? Ariya គឺទាន់សម័យមែនទែន ដោយរថយន្តនេះមានប្រព័ន្ធសាកថ្មឥតខ្សែស្រាប់ ប៉ុន្តែបើអ្នកចង់ប្រើខ្សែក៏បានដែរ។ រថយន្ត Ariya ក៏មានអេក្រង់សងខាងទំហំ 12.3 អ៊ីញ ដែលមានទំហំធំ ដោយមានមួយជាបន្ទះឧបករណ៍ចាក់ភ្លេង និងមួយទៀតសម្រាប់ប្រព័ន្ធ Wireless CarPlay ឬ Android Auto ។

ការរចនាឱ្យរថយន្តអគ្គិសនីនេះត្រូវបានក្រុមហ៊ុន Nissan ពិពណ៌នាថាជា “Timeless Japanese Futurism” (អនាគតគ្មានដែនបញ្ចប់របស់ជប៉ុន) ហើយគំរូរបស់វាក៏ធ្លាប់បានបង្ហាញនៅឯពិព័រណ៍ម៉ូតូនៅទីក្រុងតូក្យូឆ្នាំ2019 ផងដែរ។ Nissan Ariya ក៏នឹងគាំទ្រផងដែរនូវការអាប់ដេតកម្មវិធីថ្មីតាមរលកអាកាស ដែលវាជាលើកដំបូងបំផុតសម្រាប់រថយន្តអគ្គិសនីរបស់ Nissan ៕

អត្ថបទ៖ លីដា
ប្រភព៖ 9to5mac

Share This Post: