ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឆ្លងកាន់តែខ្លាំង! ក្នុងមួយថ្ងៃសហរដ្ឋអាមេរិករកឃើញករណីកូីដ១៩​ ថ្មីចំនួន ៧,៥០០០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    BY autoadmin July 17, 2020
    ឆ្លងកាន់តែខ្លាំង! ក្នុងមួយថ្ងៃសហរដ្ឋអាមេរិករកឃើញករណីកូីដ១៩​ ថ្មីចំនួន ៧,៥០០០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

    យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា សហរដ្ឋអាមេរិកបានរកឃើញករណីនៃជំងឺ COVID-19 ថ្មីយ៉ាងតិច ៧៥,០០០ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃជាកំណត់ត្រាលើកទី៧ ក្នុងខែនេះ។ ការស្លាប់របស់ពលរដ្ឋអាមេរិកក៏កំពុងកើនឡើងផងដែរ ហើយថ្មីៗនេះបានឈានដល់កម្រិតមួយខ្ពស់បំផុតចាប់តាំងពីដើមខែមិថុនា ដែលភាគច្រើនគឺនៅរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា ផ្លរីដា និងតិចសាស។ ជាងពាក់កណ្តាលនៃរដ្ឋទាំងអស់ ឬ ៣០ ក្នុងចំណោមរដ្ឋ ៥០ សុទ្ធតែបានរាយការណ៍អំពីការកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃនៅក្នុងខែនេះ។ ការឆ្លងកំពុងកើនឡើងនៅស្ទើរតែគ្រប់រដ្ឋទាំងអស់ក្នុងប៉ុន្មានសប្ដាហ៍នេះ បើប្រៀបធៀបទៅនឹងរយៈពេលពីរសប្តាហ៍មុន ដោយផ្អែកលើការវិភាគរបស់រ៉យទ័រ។

    រដ្ឋផ្លរីដាបានរាយការណ៍អំពីការកើនឡើងនូវចំនួនករណី COVID-19 ថ្មីជាង ១៥,០០០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កាលពីថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបន្តជំរុញឱ្យសាលារៀនបើកឡើងវិញ។ ប្រសិនរដ្ឋផ្លរីដាជាប្រទេសមួយវានឹងស្ថិតនៅលំដាប់ទី៤ ក្នុងពិភពលោក ​ចំពោះការកើនករណីថ្មីច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ដេញពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ជនជាតិអាមេរិកបានបែកបាក់គ្នាកាន់តែខ្លាំងឡើងលើបញ្ហានានា ដូចជាការបើកសាលារៀន និងអាជីវកម្មឡើងវិញ និងពាក់ម៉ាស់មុខនៅទីសាធារណៈ។ មានការឯកភាពជាសកលក្នុងចំនោមអ្នកជំនាញផ្នែកសុខភាពថា ការពាក់ម៉ាស់គឺជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីបញ្ឈប់ការឆ្លងជំងឺ COVID-19 ដែលបានសម្លាប់ជនជាតិអាមេរិកជាង ១៣៤,០០០នាក់។

    តួលេខសរុបចំនួន ៧៥,២៥៥ ករណី ជាការកើនឡើងលើសីកំណត់ត្រាមុន ដែលត្រូវបានកំណត់កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលនៅអាមេរិកមានករណីកើនឡើងចំនួន ៦៩,០៧០ ។ កាលពីក្នុងខែមិថុនាករណីនៅអាមេរិកបានកើនឡើងជាមធ្យម ២៨,០០០នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែនៅក្នុងខែកក្កដាវាបានកើនឡើងជាមធ្យម ៥៧,៦២៥ ក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលបានព្រមានថា ឆាប់ៗនេះករណីអាចនឹងកើនឡើងដល់ ១០០,០០០ ក្នុង១ថ្ងៃ ប្រសិនបើជនជាតិអាមេរិកមិនមករួមគ្នាចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ការរីករាលដាល។ យោងតាមការបូកសរុបមួយផ្សេងទៀតដោយសាកលវិទ្យាល័យចនហបគីនស៍សហរដ្ឋអាមេរិកបានបង្ហាញថា បច្ចុប្បន្នសហរដ្ឋអាមេិកមានករណីសរុបចំនួន ៣ ៥៦០ ៣៦៤ ករណី និងមានមនុស្សស្លាប់ចំនួន ១៣៨ ២០១ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: