BREAKING NEWS – កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ ថ្មីចំនួន០៥នាក់ទៀត ៣នាក់ជាជនជាតិខ្មែរ និង២នាក់ជាជនជាតិអាមេរិក
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៥នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនដល់៣៦នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាចំនួន០២នាក់ ហើយមិនទាន់មានអ្នកជាសះស្បើយថ្មីនោះទេ។ អ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន០៥នាក់នោះ មានបុរសជនជាតិខ្មែរចំនួន០២នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន០២នាក់។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា៖
+ បុរសអាយុ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ០៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេខឪពុកម្តាយនៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត (តែស្ត្រីទាំង២នាក់មានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ១៩)។
+ ស្ត្រីអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័យដ្ឋានស្នាក់នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានរោគសញ្ញាហៀរសំបោរ (ស្រដៀងផ្តាសាយ) តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
សម្គាល់៖ បុគ្គលទាំង៣នាក់ខាងលើ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ BR265 នៅប្រទេសចិន (តៃប៉ិ) មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់ពួកគាត់ទាំង៣នាក់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ តាមជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៧៧នាក់ (ស្ត្រី២៦នាក់ ក្មេងតូច០២នាក់ កុមារ០៤នាក់ និងបុរស៤០នាក់) ដែលក្នុងចំនួនសរុបនេះមានជនជាតិចិន (តៃវ៉ាន់) ៣៦នាក់ ជនជាតិជប៉ុន ០១នាក់ និងជនជាតិអាមេរិកាំង ១៩នាក់។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត ដោយចែកចេញជា៖ ចំនួន០៨នាក់នៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញ និងចំនួន៦៦នាក់ នៅសណ្ឋាគារអូខេប៉ាឡេស រាជធានីភ្នំពេញ។
+ ជនជាតិអាមេរិក២នាក់ (អាយុទាំង២នាក់មិនបានរាយការណ៍ពីស្ថានទូតអាមេរិកនៅកម្ពុជាមកទេ) ជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំ រាជធានីភ្នំពេញ។
សម្គាល់៖ ជនជាតិអាមេរិកាំងទាំង២នាក់ខាងលើ បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ KE689 ពីកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្ននេះ អ្នកជំងឺទាំង២នាក់ ស្ថិតនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ។
សូមកត់សម្គាល់ផងដែរថា តាមជើងហោះហើរនេះមានអ្នកដំណើរសរុបចំនួន ៩១នាក់ (ស្ត្រី៣២នាក់ កុមារ០៧នាក់ និងបុរស៥២នាក់) ដែលក្នុងចំនួនសរុបនេះមានជនជាតិកូរ៉េ ២៨នាក់ ជនជាតិអាមេរិក ១៩នាក់ (កុមារ០២នាក់) ជនជាតិបារាំង ០២នាក់ ជនជាតិវៀតណាម ០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (កុមារ០២នាក់) ជនជាតិឥណ្ឌូនេស៊ី ០១នាក់ ជនជាតិណូវែលហ្សឺឡង់ ០៣នាក់ (កុមារ ០១នាក់) ជនជាតិចិន ០៣នាក់ ជនជាតិអូទ្រីស ០១នាក់ ជនជាតិអង់គ្លេស ០៨នាក់ (កុមារ ០២នាក់) ជនជាតិហ្វាំងឡង់ ០១នាក់ និងជនជាតិកាណាដា ០១នាក់។
អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត ដោយចែកចេញជា៖ នៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញ ចំនួន១០នាក់ និងចំនួន៧៩នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅសណ្ឋាគារមួយ ក្នុងសង្កាត់បឹងកេងកងមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
