ឥណ្ឌាក្លាយជាប្រទេសទី៣ក្នុងពិភពលោក ដែលមានករណីអ្នកឆ្លងជំងឺកូវីដ១៩ លើសពី១លាននាក់
ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួនជាង ១លានករណី និងការស្លាប់ជាង ២៥,០០០នាក់ ខណៈដែលទាំងករណីស្លាប់ និងករណីឆ្លងនៅឥណ្ឌាមានការកើនឡើងខ្ពស់ខ្លាំងមែនទែន ក្នុងប៉ុន្មានរយៈចុងក្រោយនេះ។ ប្រទេសនេះបានបន្ថែមករណីថ្មីជាង ៣៦,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៦៨៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលទាំង២នេះគឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ប្រទេសឥណ្ឌាគឺជាប្រទេសទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានករណីជំងឺ COVID-19 លើសពី ១លានករណី ហើយក៏ជាប្រទេសឈរលេខរៀងទី៣ នៅក្នុងតារាងអ្នកឆ្លងច្រើនបំផុតផងដែរ។

ឥណ្ឌាបានកើនឡើងករណីពីជាង ៨០០,០០០ ដល់ ១លាននាក់ ក្នុងរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ប្រៀបនឹងការកើនពី ៦០០,០០០ ទៅ ៨០០,០០០ នាក់ ដោយប្រើរយៈពេល ៩ថ្ងៃ។ ដូចគ្នានេះដែរចំនួនអ្នកស្លាប់បានកើនឡើងពី ២០,០០០ នាក់ ទៅ ២៥,០០០ នាក់ ក្នុងរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ ដូច្នេះមានន័យថាស្ទុះនៃការឆ្លងគឺលឿនជាងមុន។ ប្រទេសឥណ្ឌាបានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣៦,១៣៩ ករណី ដែលច្រើនជាងតំណត់ត្រាមុនចំនួន ៣,៦០០ ករណី។ តួលេខចុងក្រោយបង្ហាញថា ឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ១ ០០៤ ៨០៦ ករណី និងការស្លាប់មានជាង ២៥,៦០០នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ India Times