សាំងហ្គាពួររកឃើញករណីជំងឺកូវីដ១៩ ថ្មីបន្ថែមចំនួន ៣២៧ ករណី ដែលនាំឱ្យករណីសរុបមាន ៤៧,៤៥៣ ករណី
ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា ខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣២៧ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៩នាក់ ជាករណីនៅក្នុងសហគមន៍ និងមានករណីនាំចូលចំនួន ៣ ផងដែរ។ នេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេស មានដល់ ៤៧,៤៥៣ ករណី ហើយការស្លាប់មាន ២៧ នាក់ដដែល។ ចំនួនករណីភាគច្រើនទាំងក្នុងចំណោមករណីថ្មីនិងចាស់ គឺនៅតែជាពលករដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

សាំងហ្គាពួរកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីរឹតត្បឹតជាយូរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ហើយអាជីវកម្មកំពុងបន្តប្រតិបត្តិការជាបណ្តើរៗ។ បច្ចុប្បន្នសាំងហ្គាពួរកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីមានការធ្លាក់ចុះ ២ ត្រីមាសជាប់ៗគ្នា។ ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ៤១.២% នៅត្រីមាសពីខែមេសាដល់ខែមិថុនា ហើយធ្លាក់ចុះជាងការរំពឹងទុកសម្រាប់រយៈពេល ៣ខែ ដែលរំពឹងថាធ្លាក់តែ ៣៧.៤% ប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia