រថយន្ត

តុលាការអាល្លឺម៉ងហាមមិនឱ្យ Tesla ផ្សព្វផ្សាយមុខងារ Autopilot នោះទេ ព្រោះវាធ្វើឱ្យអ្នកបើកបរមានការយល់ច្រឡំថា ប្រព័ន្ធនេះមិនត្រូវការមនុស្សជំនួយ

BY
autoadmin
July 17, 2020

អាល្លឺម៉ង់៖ ចៅក្រមនៅទីក្រុងមុយនិចបាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Tesla នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើម្តងហើយម្ដងទៀតនូវការអះអាងខុសឆ្គង នៅក្នុងការផ្សព្វផ្សាយអំពីសមត្ថភាពនៃប្រព័ន្ធជំនួយបើកបរ រួមទាំងការនិយាយថាយានយន្តរបស់ខ្លួនមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុន Tesla អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ តុលាការបានបើកសវនាការលើករណីមួយធ្វើឡើងដោយក្រុមមកពី Wettbewerbszentrale របស់ប្រទេសអាល្លឺម៉ង់ ដែលជាស្ថាប័នឧបត្ថម្ភដោយឧស្សាហកម្ម ដែលមានភារកិច្ចប្រឆាំងនិងទប់ស្កាត់ការប្រកួតប្រជែងដែលមិនស្មើភាព។

តុលាការទីក្រុងមុយនិចបានឯកភាពជាមួយនឹងការវាយតម្លៃរបស់ស្ថាប័ននេះ ហើយបានហាមឃាត់ក្រុមហ៊ុន Tesla នៅអាល្លឺម៉ង់ពីការដាក់បញ្ចូលប្រយោគ “សក្តានុពលពេញលេញសម្រាប់ការបើកបរដោយស្វ័យភាព” និងពាក្យ “Autopilot” នៅក្នុងការផ្សាយពាណិជ្ជកម្មគ្រប់មធ្យោបាយរបស់ខ្លួន។ តុលាការនិយាយថា ការផ្សព្វផ្សាយនេះវាធ្វើឱ្យមានការយល់ច្រឡំសម្រាប់អ្នកបើកបរធម្មតា ដែលពួកគេគិតថាវាជាមុខងារ ឬប្រព័ន្ធដែលមិនត្រូវការមនុស្សគ្រប់គ្រង។ ប្រព័ន្ធ Autopilot របស់ Tesla នេះផងដែរ បានរងការរិះគន់ពីនិយ័តករជាច្រើនរួចមកហើយ​ សូម្បីតែក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់អាមេរិកក៏ដោយ។

ប៉ុន្តែយ៉ាងណាលោក Elon Musk បានបញ្ជាក់ហើយថា Autopilot មិនមែនជាប្រព័ន្ធបើកស្វ័យប្រវត្តិទេ វាគ្រាន់តែជាប្រព័ន្ធជំនួយអ្នកបើកបរ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: