ម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធលើសទម្ងន់រអិលថយក្រោយ បាស់ជើងកណ្ដាលស្ពានច្បារអំពៅ បង្កការកកស្ទះចរាចរណ៍
រាជធានីភ្នំពេញ៖ ម៉ូតូសណ្ដោងរុឺម៉កដឹកទឹកសុទ្ធ វីតាល់ លើសទម្ងន់បើកឡើងស្ពានច្បារអំពៅមិនរួច រអិលថយក្រោយបាស់ជើងឡើងលើ ប៉ុន្តែពិតជាសំណាងល្អ មិនបណ្តាលអោយនណារម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ នៅគល់ស្ពានអាកាស ក្បាលថ្នល់ និងច្រមុះជ្រូកក្បាលថ្នល់មួយសន្ទុះធំប៉ុណ្ណោះ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងនគរបាលចរាចរណ៍គោលដៅ ចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ផងដែរ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃចន្ទ័ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ ) ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខដឹកទឹកសុទ្ធម៉ាក វីតាល់ ពេញលើរ៉ឺម៉ក បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ពីលិចមកកើត ក្នុងល្បឿនលឿន លុះបន្ថែមល្បឿនបើកឡើងស្ពានច្បារអំពៅ ទាំងដឹកធ្ងន់ពេកឡើងជិតដល់ពាក់កណ្តាលស្ពានហើយ បែរជាបើកឡើងលែងរួច ព្រោះម៉ូតូសណ្ដោងរ៉ឺម៉កដឹកលើសទម្ងន់ហើយ ទើបរអិលថយចុះមកក្រោមវិញបាស់ម៉ូតូឡើងលើកៀបជាប់រ៉ឺម៉ក ហើយអ្នកជិះលើរ៉ឺម៉កលោតចុះ រត់ទៅយកដុំថ្មមកកល់ជាប់ លែងរអិលចុះទៀត និងមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ នៅគល់ស្ពានអាកាស ក្បាលថ្នល់ និងច្រមុះជ្រូកក្បាលថ្នល់មួយសន្ទុះធំប៉ុណ្ណោះ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងនគរបាលចរាចរណ៍គោលដៅចុះជួយអន្តរាគមន៍ម្ចាស់រ៉ឺម៉កនិងអ្នករួមដំណើរជួយលើក កេសទឹកសុទ្ធវីតាល់ខាងលើ អែបបង្កាន់ដៃស្ពានសិនទុកអោយគាត់ជាអ្នកសម្រួលចរាចរណ៍កុំអោយមានការកកស្ទះដល់អ្នកដទៃ មួយសន្ទុះក្រោយមក ក៏អាចបើកទៅមុខបាន ហើយហៅរ៉ឺម៉កមួយទៀតមកសាងទឹកសុទ្ធយកចេញបាត់អស់ទៅ ។
សូមបញ្ជាក់ថាករណីខាងលើនេះគឺបណ្តាលមកពីម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធពេញលើរ៉ឺម៉កលើសទម្ងន់ហើយ មិនគួរណាបើកឡើងលើស្ពានទេ នេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ ៕









ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត