រថយន្ត

Ford និយាយថា រថយន្តប្រណាំងអគ្គិសនីគំរូ Mustang Mach-E របស់ខ្លួនមានកម្លាំង 1400សេះ ជាមួយនឹងម៉ូទ័រ 7គ្រឿង

BY
autoadmin
July 21, 2020

ក្រុមហ៊ុន Ford បានបង្កើតគំរូរថយន្តប្រណាំង Mustang Mach-E ដែលមានកម្លាំងរហូតដល់ទៅ 1,400សេះ ខណៈល្បឿនវិញមិនមានការបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែវានិយាយថាលឿនលើសពីច្បាប់ផ្លូវថ្នល់ទៅទៀត។ ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់យានគំរូដែលត្រូវបានគេហៅថា Mustang Mach-E 1400 ដើម្បីបង្ហាញពីសមត្ថភាពសក្តានុពលនៃរថយន្តអគ្គិសនីគ្រប់ម៉ូដែលរបស់ខ្លួន ខណៈរថយន្តប្រភេទអគ្គិសនី Mustang Mach-E ប្រភេទធម្មតារបស់ក្រុមហ៊ុននេះនឹងចាប់ផ្តើមឈានដល់ការចែកចាយនៅចុង ឆ្នាំ2020 នេះហើយ។ ​​ជម្រាបដែរថា Ford កំពុងជះលុយជាង 11.5 ពាន់លានដុល្លារ លើរថយន្តអគ្គិសនីសម្រាប់ទីផ្សារទូទាំងពិភពលោក រួមទាំងរថយន្ត Mustang Mach-E រហូតដល់ឆ្នាំ2022។

រថយន្ត Mustang Mach-E 1400 ប្រើប្រាស់តួរថយន្តប្រភេទម៉ាស៊ីនសាំងដដែល ប៉ុន្តែសមាសធាតុរបស់វាគឺខុសគ្នាឆ្ងាយពីរថយន្តដែលធ្លាប់លក់ចេញទៅ ដោយសារវិស្វករបានធ្វើឱ្យប្រសើរឡើងតាំងតែពីរូបរាង រហូតដល់ប្រព័ន្ធនៃរថយន្ត​ ដើម្បីដំណើរការដ៏ល្អឯកឥតខ្ចោះ។ រថយន្តប្រភេទ Crossover មួយនេះមានម៉ូទ័រអេឡិចត្រិចដល់ទៅ 7គ្រឿង ខណៈដែលរថយន្តអគ្គិសនី Mustang Mach-E ដែលគ្រោងលក់ចុងឆ្នាំនេះមានតែ 5គ្រឿង ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ Ford បានលាក់មិនឱ្យយើងដឹងថា Mustang Mach-E 1400 មានល្បឿនប៉ុនណាទេ! ប៉ុន្តែ Mustang Mach-E GT ដែលគ្រោងចេញលក់ចុងឆ្នាំនេះត្រូវបានគេរំពឹងថា មានសន្ទុះល្បឿនពី 0-100 ត្រឹមតែ 4វិនាទី ជាមួយនឹងកម្លាំង 459សេះ និងកម្លាំងបង្វិល 612 ផោន-ហ្វីត។ Ford នឹងសាកល្បងរថយន្តគំរូនេះលើផ្លូវឆាប់ៗ ដូច្នេះយើងអាចរំពឹងបានថាក្រុមហ៊ុននឹងប្រាប់ពីល្បឿនរបស់វានៅពេលនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: