សម្តេចតេជោ ស្លុតចិត្តពេលទទួលដំណឹងមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ២៦នាក់កាលពីយប់មិញ ជាចំនួនមួយច្រើន ធ្វើឲ្យកម្ពុជាមានអ្នកឆ្លង ១៩៧នាក់ សុទ្ធតែជាករណីនាំចូល
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០៤នាក់ទៀត ដោយយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំង២៦នាក់ខាងលើ គឺសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាករណីនាំចូលទាំងអស់ ដោយមានបុរស៥នាក់ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប, បុរស២០នាក់ទៀត ជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបុរស០១នាក់ទៀតជាអ្នកធ្វើដំណើរជើងហោះហើរត្រង់មកពីប្រទេសកូរ៉េខាងត្បូង។

ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ថា «ឥលូវនេះយើងមិនមែនបន់ចង់អោយមានកូវីដទេ ប៉ុន្តែធ្វើម៉េចបើពិភពលោកវាកើតមួយប្រទេស កើតមួយសកលលោក ហើយអកុសលអីថ្ងៃនេះ ថ្ងៃមុនខ្ញុំទៅឯខេត្តព្រៃវែង ឆ្លងតែ ១៥នាក់ទេ។ យប់មិញនេះ ខ្ញុំទទួលដោយការស្លុតចិត្ត ឆ្លង ២៦នាក់ៗ ជាចំនួនមួយច្រើន ដែលធ្វើឱ្យកម្ពុជាយើង មានអ្នកឆ្លងទៅដល់ ១៩៧នាក់ហើយ មកដល់ពេលនេះ ១៩៧នាក់ គឺសុទ្ធតែនាំចូលទាំងអស់មកពីក្រៅប្រទេស និស្សិតយើងដែលរៀននៅក្រៅប្រទេសត្រូវចូលប្រទេស ឆ្លងទៅតាមរយៈនឹង បើយើងមិនយកពលរដ្ឋយើងត្រឡប់មកប្រទេសទេ តើអោយគាត់ទៅនៅឯណា…..»៕




