ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំនួនគ្រួសារក្រីក្រដែលនឹងត្រូវទទួលជំនួយសង្គមបានកើនឡើងដល់ជាង៦១ម៉ឺនគ្រួសារសម្រាប់ជំហានទី២

    BY Khmernote Media July 22, 2020
    ចំនួនគ្រួសារក្រីក្រដែលនឹងត្រូវទទួលជំនួយសង្គមបានកើនឡើងដល់ជាង៦១ម៉ឺនគ្រួសារសម្រាប់ជំហានទី២

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ ដែលត្រូវទទួលជំនួយសង្គមបានកើនឡើងដល់ជាង៦១ម៉ឺនគ្រួសារ សម្រាប់ជំហានទី២ដែលគ្រោងចំណាយឡើងដល់២៨លានដុល្លារក្នុងមួយខែ ។

    ថ្លែងក្នុងពិធីចុះពិនិត្យវាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករព្រមទាំងពិនិត្យស្ថានីយបូមទឹក ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី ២១ ខែ កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរកឃើញគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាង៥ម៉ឺនគ្រួសារបន្ថែមទៀត ដែលធ្វើឲ្យចំនួនគ្រួសារក្រីក្រកើន ដល់៦១ម៉ឺនគ្រួសារ ដូច្នេះសាច់ប្រាក់ជំនួយសង្គមដែលត្រូវចំណាយកើនឡើងរហូតដល់ទៅ២៨លានដុល្លារក្នុងមួយខែផងដែរ ។ សម្តេចតេជោបន្តថា បើទោះបីរកឃើញជាបន្តបន្ទាប់នូវគ្រួសារក្រីក្រ និងងាយរងគ្រោះក្តីក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរុករកថែមទៀតព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

    សម្តេចតេជោបញ្ជាក់ថា ការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនេះ មិនមែនធ្វើជារៀងរហូតនោះទេ គឺនឹងបញ្ចប់នៅពេលជំងឺកូវីដ១៩ មានការថមថយ ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺក៏មិនមែនការចេញមុខចិញ្ចឹមទាំងស្រុងនោះដែរ តែគឺជាការប៉ះប៉ូវនូវអ្វីដែលខ្វះខាត និងរងផលប៉ះពាល់តែប៉ុណ្ណោះ។
    សំឡេង«នៅលើកលោកនេះគ្មាននរណាមិនធ្វើការហើយចាំដេកស៊ីហើយរដ្ឋចិញ្ចឹមនោះទេ ពិតមែនហើយនៅក្នុងដំណាក់កាលកូវីដ១៩ ។ ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រកាសថា ក្នុងខែ៧នេះយើងកើនពី៥៦ម៉ឺនគ្រួសារជាងដែលចំណាយជាង២៤លានដុល្លារ ទៅដល់៦១ម៉ឺនគ្រួសារ នឹងត្រូវចំណាយ ២៨លានដុល្លារ សម្រាប់ខែ៧នេះ ព្រោះយើងស្វែងរកឃើញគ្រួសារក្រីក្រថ្មីប្រមាណជាង៥ម៉ឺនគ្រួសារបន្ថែមទៀត ហើយនឹងបន្តរុករក បើកូវីដមិនទាន់ថមថយទេ យើងត្រូវនៅបន្តកម្មវិធីជំនួយសង្គម ប៉ុន្តែមិនមែនបានសេចក្តីថា រដ្ឋចិញ្ចឹមរហូតទេ ហើយនេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ » ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដើម្បីជួយស្តារជីវភាពនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។ យោងតាមអនុក្រឹត្យ ប្រាក់ឧបត្ថម្ភនេះក៏នឹងត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀលដល់១២០,០០០រៀលនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗតាមរយៈ ធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ៕
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay