BREAKING NEWS! ជំងឺកូវីដ១៩ ឥឡូវនេះឆ្លងរាលដាលដល់មនុស្ស ១៥លាននាក់ហើយ ខណៈសហរដ្ឋអាមេរិកមានករណីកើនដល់ ៤លាននាក់
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បានឱ្យដឹងថា ជំងឺ COVID-19 ឥឡូវនេះបានរាលដាលដល់មនុស្ស ១៥លាននាក់ ខណៈការស្លាប់មានដល់ជាង ៦១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្នុងរយៈពេលប្រហែល ៧ខែ ចាប់តាំងពីជំងឺនេះបានបង្ហាញវត្តមានដំបូងនៅក្នុងប្រទេសចិន។ គិតត្រឹមម៉ោង ៨ និង ៣០ នាទីព្រឹកនេះ ការរាប់តួលេខដោយ Worldometers បានបង្ហាញថា ជំងឺ COVID-19 មានសរុបចំនួន ១៥,០៩១,៨១៧ ករណី និងការស្លាប់មានចំនួន ៦១៩,៤០៩ ករណី។

ក្នុងរយៈពេលប៉ុន្មានរយៈចុងក្រោយនេះសន្ទុះល្បឿននៃជំងឺ COVID-19 មានការកើនឡើងខ្លាំងមែនទែន ហើយយ៉ាងហោចណាសមានករណីជាង ២០០,០០០ ត្រូវបានគេរាយការណ៍ពីទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។ សហរដ្ឋអាមេរិកនៅតែឈរកំពូងតារាងទាំងការស្លាប់និងករណីសរុប ដោយពេលនេះវាបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយការឆ្លងសរុប ៤,០២៨,៥៦៩ នាក់ និងស្លាប់សរុបចំនួន ១៤៤,៩៥៣ នាក់។ ប្រេស៊ីលនៅតែឈរលេខ២ ក្នុងតារាង ជាមួយករណីសរុប ២,១៦៦,៥៣២ នាក់ និងការស្លាប់សរុប ៨១,៥៩៧នាក់។ ឥណ្ឌាបានឈរលេខ៣ ជាមួយករណីសរុបចំនួន ១,១៩៤,០៨៥នាក់ ខណៈស្លាប់មានចំនួន ២៨,៧៧០នាក់៕




អត្ថបទ៖ លីដា