ឧត្តមសេនីយ៍ឯក ស ថេត មេប៉ូលិសក្រុងភ្នំពេញ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍និងផ្តល់សម្លៀកបំពាក់អាវពន្លឺនិងភ្លើងបំភ្លឺពាក់លើស្មា ជូនកម្លាំង ៦៥២នាក់ រួមទាំងអធិការដ្ឋានខណ្ឌទាំង ១៤ផងដែរ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញបានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាលអធិការខណ្ឌទាំង១៤ ចំនួន ៤២០នាក់ កម្លាំងអន្តរាគមន៍ នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន ១៥០នាក់ ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរងលោកអធិការនគរបាល ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងសរុបកម្លាំងទាំងអស់ចំនួន ៦៥២នាក់ ។

ការជួបជុំនេះ គឺធ្វើឡើងដើម្បីផ្តល់ជូនអាវពន្លឺចំនួន ១,០០០អាវភ្លើងបំភ្លឺបំពាក់លើស្មាចំនួន៥០០ ដែលជាអំណោយឧបត្ថម្ភរបស់មិត្តចិននិង ឈុតសម្លៀកបំពាក់អន្តរាគមន៍ចំនួន ៤៧០ឈុត ដើម្បីចែកជូនក្រុមអន្តរាគមន៍ក្នុងមួយខណ្ឌទទួលបានចំនួន ៣០ឈុត សម្រាប់ ៣០នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការមានមតិណែនាំល្អៗជាច្រើនដល់កម្លាំងទាំងអស់ដូចជា ៖
១. ក្នុងនាមជាកងកម្លាំងត្រូវតែគោរពវិន័យមានសីលធម៌មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ ។
២. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។
៣. តាមបណ្តាលខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំតាមបណ្តាលក្លឹប កំសាន្ត ខារ៉ាអូខេទាំងអស់ ត្រូវតែកែសម្រួលទៅជាភោជនីយដ្ឋានដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានី ភ្នំពេញ ។
៤. កងកម្លាំងទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់ ។
ជាកិច្ចបញ្ចប់ ឯកឧត្តមស្នងការបានណែនាំដល់លោកស្រីស្នងការរងអធិការខណ្ឌទាំង១៤ ត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ ឲ្យបានល្អដោយមានការហ្វឹកហាត់ជាប្រចាំមានការប្រជុំជួរត្រួតពិនិត្យ ការស្លៀកពាក់ និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉ោង លើ២៤ ម៉ោង ចេញល្បាតជាប្រចាំដើម្បីធានាការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំគណ:ប្រតិភូជាតិ និងអន្តរជាតិ ។ ល ៕










ប្រភព & អត្ថបទ៖ បងម៉េច ខ្មែរណូត