ករណីគណនីហ្វេសប៊ុកបង្ហោះថា មានបុរសម្នាក់ចងកសម្លាប់ខ្លួន ដោយសារជំពាក់ធនាគារវ័ណ្ឌកគ្មានលុយសង ឥលូវនេះស្នងការរាជធានីចេញមុខបកស្រាយការពិតហើយ
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងកាតដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះករណីគណនីហ្វេសបុកនៅក្រៅប្រទេសមួយដែលមានឈ្មោះថា Sadam Husen តែងតែផុសព័ត៌មានមិនពិត ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសបុគ្គលរូបនេះមានបំណងអាក្រក់ ចង់បង្កឲ្យមានភាពចលាចលនៅក្នុងសង្គម។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកក្រៅប្រទេសមួយដែលតែងតែចុះផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ដោយបានសរសេរផុសថា « បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ដោយសារតែគ្មានសមត្ថភាពសងបំណុលធនាគារ ជំពាក់វ័ណ្ឌក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ » នេះជាព័ត៌មានមិនពិតនោះទេ ជាក់ស្តែងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថាបុរសម្នាក់បានធ្វើអត្តឃាតដោយខ្លួនឯង គាត់ជាជនអនាថា មិនមានពាក់ព័ន្ធនឹងបំណុលអ្វីឡើយ ម្យ៉ាងវិញទៀតក្រោយការធ្វើតេស្តទឹកនោមបានឲ្យដឹងថាគាត់ថែមទាំងមានសារធាតុញៀនប្រភេទ មេតំហ្វេតាមីនទៀតផង ។
ព័ត៌មានលម្អិតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលស្រះចក៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅចំនុចមុខវត្តព្រះពុទ្ធ ឃោសាចារ្យ ផ្លូវលេខ៤៧ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សពឈ្មោះ (មិនស្គាល់អត្តសញ្ញាញ) អាយុប្រហែល៣០ឆ្នាំ កំពស់១.៦០ម៉ែត្រ សំបុរសណ្ដែកបាយ សក់ស្លូតខ្លី មាឌល្មម បានដើរមកម្តុំកើតហេតុ បើតាមការបំភ្លឺពីឈ្មោះ ឃុន គីម ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប បានបំភ្លឺថានៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២:០០នាទី គាត់បានមកចតម៉ូតូដើម្បីរត់ឌុបនៅខាងមុខវត្តទីតាំងកើតហេតុខាងលើ ពេលនោះបានឃើញមនុស្សប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ មកដេកក្រោមដើមពោធិ៍ក្បែររបងវត្ត រហូតដល់ម៉ោងប្រហែល ១២:៣០នាទី បុរសនោះបានដើរចូលក្នុងវត្ត រួចចេញមកវិញហើយក៏ត្រឡប់ទៅអង្គុយក្រោមដើមពោធិ៍នោះវិញ ខណៈពេលនោះរូបគាត់មិនបានចាប់អារម្មណ៍មើលទេព្រោះរវល់អង្គុយចាំចាប់ម៉ូយ លុះដល់ម៉ោង ១៣:៣០នាទី មានមនុស្សគថ្លង់ម្នាក់បានធ្វើកាយវិការឆោឡោនៅក្រោមដើមពោធិ៍ ហើយគាត់ក៏បានសំឡឹងមើលទៅលើក៏ឃើញុបុរសនោះបានចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ស្លាប់បាត់ទៅហើយ(ចំពោះបុរសខាងលើពុំដឹងមកពីខាងណាទេ ហើយក៏មិនដែលឃើញពីមុនមកដែរ) ។ ក្រុមគ្រូពេទ្យក៏បានធ្វើការបូមទឹកនោមពីក្នុងខ្លួនសាកសពចំនួន(10cc) យកទៅធ្វើការវិភាគជាលទ្ធផលមានវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ។
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសព ។
ជាលទ្ធផលតាមការពិនិត្យរបស់ការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បានបញ្ជាក់ថាបុរសម្នាក់នេះបានស្លាប់ដោយចងកធ្វើអត្តឃាតព្រោះមានសារធាតុញៀនក្នុងខ្លួន ។ ក្រោយពី ពិនិត្យសាកសពរួចរាល់ ខាងជំនាញ បច្ចេកទេស បានប្រគល់សពអោយ មន្ត្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋាបាលស្រះចក ដេីម្បីដឹកយកទៅតម្កល់នៅវត្តទួលសត្តវ័ត្ថហៅវត្តទួលអស់លោក ៕
