ព័ត៌មានជាតិ
បុរសជនជាតិខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ, មន្រ្តីជំនាញចុះទៅធ្វើកោសល្យវិច្ច័យសាកសព សន្និដ្ឋានថាស្លាប់ដោយសារខ្យល់គ
BY Khmernote Media
July 23, 2020
ខេត្តត្បូងឃ្មុំ៖ យោងតាមការបញ្ជាក់ពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត អំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសជនជាតិខ្មែររូបនោះគឺជាអ្នកធ្វើដំណើរតាមផ្លូវគោកមកពីប្រទេសម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃ រួចបានមកដល់ប្រទេសកម្ពុជា។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា បុរសជនជាតិខ្មែរនេះបានស្លាប់កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អំឡុងពេលធ្វើចត្តាឡីស័កបានចំនួន៣ថ្ងៃ។ យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញដែលបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពសន្និដ្ឋានថា បុរសរូបនោះបានស្លាប់ដោយសារតែខ្យល់គ ខណៈមុនពេលស្លាប់ រូបគាត់បានលេបថ្នាំផ្តាសាយផងដែរ៕
