សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ៣៥៤ បន្ថែមទៀត នាំឱ្យករណីសរុបមានដល់ ៤៩ ០៩៨ ករណី
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីជំងឺ COVID-19 ចំនួន ៣៥៤ បន្ថែមទៀត ដែលនាំឱ្យករណីសរុបមានដល់ ៤៩ ០៩៨ ករណី។ ក្នុងនោះក៏មានករណីក្នុងសហគមនចំនួន ៨ និងករណីនាំចូលចំនួន ៥ ករណី ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន (ដម) សម្រាប់ពលករបរទេស។ ព័ត៌មានលម្អិតបន្ថែមពីការប្រកាសជាបឋមនេះ ក្រសួងសុខាភិបាលនឹងរាយការណ៍ម្ដងទៀតនាពេលរាត្រីនេះ។

សាំងហ្គាពួរកំពុងនៅក្នុងដំណាក់កាលទី២នៅឡើយ បន្ទាប់ពីប្រទេសនេះបានបិទទ្វារទប់ទល់នឹងការរាលដាលនៃជំងឺ COVID-19 ដោយអាជីវកម្មនានាកំពុងបើកទ្វារវិញជាបណ្ដើរៗ។ ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) កាលពីថ្ងៃអង្គារនេះ ក៏បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ទេសចរណ៍ក្នុងស្រុកចំនួន ៤៥ លានដុល្លារសិង្ហបុរី ដើម្បីជំរុញឱ្យប្រជាជនក្នុងតំបន់ទទួលយកវិស្សមកាល “Singapoliday” និងគាំទ្រអាជីវកម្មក្នុងស្រុកតាមរយៈទេសចរណ៍ក្នុងស្រុក ដោយសារវិស័យទេសចរណ៍មិនថាតែនៅសាំងហ្គាពួរទេ គឺនៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះសុទ្ធតែត្រូវបានវាយប្រហារដោយសារជំងឺ COVID-19 នេះទាំងអស់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia