ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កងនិងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ

    BY Khmernote Media July 27, 2020
    រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កងនិងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាក និមិត្តរូបបង្កងនិងពងទាកូន ព្រោះជាផលិតផលមានឈ្មោះល្បីល្បាញប្រចាំខេត្ត។ ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។

    ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ ។ ឯកឧត្តម បញ្ជាក់ថាបច្ចុប្បន្ន ពងទាកូនស្រែននោង បានចូលរួមបង្កើតការងារ និងចំណូលជាច្រើន ដល់កសិករនៅក្នុងឃុំ កាន់តែធូរធាឡើងជាលំដាប់។

    ចំណែក បង្កងធម្មជាតិខេត្តតាកែវវិញ ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងនេះ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត ហើយក្នុងមួយរដូវៗ ផលនេសាទទទួលបានចំនួន ៨៧តោន។ ឯកឧត្តម បន្ថែមថា ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកលេងខេត្តតាកែវ គឺមិនដែលរំលងក្នុងការ មកភ្លក់រសជាតិមុខម្ហូបបង្កងដ៏ឈ្ងុយឆ្ងាញ់ មិនអាចបំភ្លេចបាននោះទេ។ ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងភាពល្បីល្បាញចំពោះផលិតផលទាំងពីនេះ រដ្ឋបាលខេត្តតាមរយៈមន្ទីរជំនាញបានខិតខំចងក្រងសហគមន៍នេសាទ និងសហគមន៍ចិញ្ចឹមដើម្បីធានានិរន្តរភាព ជាពិសេសគ្រោងរៀបចំជារូបសំណាក ដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិកាន់តែស្គាល់ច្បាស់ពីខេត្តមួយនេះ។
    សំឡេង«ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បាននិងកំពុងពិភាក្សានិងរៀបចំធ្វើជារូបសំណាកនិមិត្តរូបនៃបង្កងនិងពងទា ដើម្បីប្រចាំនៅក្នុងខេត្តតាកែវរបស់យើងបង្ហាញពីសក្តានុពល បង្កងផងនិងពងទាកូនស្រែននោងរបស់យើងនេះផងដែរ »។

    សូមបញ្ជាក់ ខេត្តតាកែវមានទាចំនួនជាង ១៦លានក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចំនួន ១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង ។ ស្ថានីយ៍បង្កាត់កូនបង្កងចំនួន ០២ស្ថានីយ៍ នៅក្រុងដូនកែវនិងស្រុកអង្គរបូរី ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay