រថយន្ត

រថយន្ត Lexus NX ស៊េរីថ្មីឆ្នាំ2021 បង្ហាញវត្តមានហើយ ជាមួយនឹងប្រព័ន្ធបន្ថែមទំនើបថ្មី ប៉ុន្តែរូបរាងមិនសូវខុសពីជំនាន់ចាស់ទេ

BY
autoadmin
July 28, 2020

រថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបង្ហាញវត្តមានហើយ ដោយយើងអាចសម្គាល់វាបានភ្លាមៗព្រោះមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ។ យ៉ាងណាក៏ដោយវាមិនមែនមិនប្ដូរអ្វីសោះនោះទេ ដោយផ្នែកខាងក្រៅគឺមានការផ្លាស់ប្ដូរត្រង់ផ្លិតទឹក ក៏ដូចជាកញ្ចក់សងខាងមានភាពទំនើបជាងមុន។ ចំណែកបរិក្ខារខាងក្នុងរថយន្តវិញ ប្រសិនបើអ្នកមិនមែនជាហ្វេនរថយន្តនេះទេ កាន់តែមើលមិនឃើញថាវាប្លែកត្រង់ណា គឺវាគ្រាន់តែមានកុងទ័រ tachometer ថ្មី និងទ្រនាប់ស៊ីហ្លេថ្មីប៉ុណ្ណោះ។

ថ្វីបើគ្មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់សម្រាប់បរិក្ខារនានា ប៉ុន្តែរថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបន្ថែមនូវមុខងារ Blind spot monitoring system with Rear cross traffic alert ដែលមុខងារនេះគឺសំខាន់សម្រាប់ការផ្តល់ដំណឹងពេលវ៉ាជែង និងការអាយ៉ែចេញរថយន្តពីចំណតរបស់លោកអ្នក។ ការផ្លាស់ប្តូរផ្សេងទៀតមានដូចជា ប្រព័ន្ធសំឡេង Mark Levinson និងកញ្ចប់រុករង ដោយរួមមានទាំង HomeLink ។

ចំណែកម៉ាស៊ីនរបស់វាគឺមាន2ជម្រើស ដោយសាររថយន្តនេះមាន 2ប្រភេទ គឺប្រភេទ NX 300 និង NX 300h។ ម៉ាស៊ីនរបស់ NX 300 មានចំណុះ 2.0 ស៉ីឡាំង4 ដែលមានថាមពល 235 hp (175 kW/238PS) និងកម្លាំងបង្វិល 258 lb-ft (349 Nm) បំពាក់ជាមួយប្រអប់លេខអូតូ6វគ្គ ដែលអាចគូជាមួយប្រព័ន្ធប៉ុង2 (all-wheel drive system)។ ដូច្នេះរថយន្ត NX 300 អាចស្ទុះពី 0-96គូឡូម៉ែត្រ ក្នុងរយៈពេល 7.2 វិនាទី និងមានល្បឿនកំពូល 200គីឡូម៉ែត្រ/ម៉ោង។

ចំណែកម៉ូដែល NX 300h ដែលល្អសម្រាប់បរិស្ថាននេះវិញ មានម៉ាស៊ីនទំហំចំណុះ 2.5 ស៊ីឡាំង4 ហើយប្រព័ន្ធកូនកាត់របស់វារត់ដោយម៉ូទ័រចំនួន 3 ដែលអាចឱ្យម៉ូដែលនេះមានថាមពល 194hp (145kW/197PS)។ វាមិនស្ទុះខ្លាំងដូច NX 300 នោះទេ ដោយវាចំណាយពេល 9.1 វិនាទី សម្រាប់សន្ទុះពី 0-96គីឡូម៉ែត្រ ហើយល្បឿនក៏ចាញ់ NX 300 ដែរ ដោយមានល្បឿនតែ 180គីឡូម៉ែត្រ/ម៉ោង៕

អត្ថបទ៖ លីដា
ប្រភព៖ Carscoops

Share This Post: