វៀតណាមសម្រេចបិទខ្ទប់ទីក្រុងដាណាងមួយរយៈ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍កើនឡើងដល់ ១៥ ករណី
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់ទីក្រុងដាណាងយ៉ាងតឹងរឹងបំផុត បន្ទាប់ពីទីក្រុងទេសចរណ៍មួយនេះត្រូវបានគេរកឃើញការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ កើនឡើងដល់ទៅ ១៥ ករណី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានបិទការធ្វើដំណើរគ្រប់មធ្យោបាយ មានទាំងជើងហោះហើរ រថយន្តក្រុង រថយន្តតាក់ស៊ី រថភ្លើង និងការធ្វើដំណើរតាមផ្លូវទឹកចំពោះការចេញនិងចូលទីក្រុងដាណាងរយៈពេល ១៥ថ្ងៃ ដោយផ្ដើមអនុវត្តពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា នេះទៅតែម្តង។ ជាងនេះទៀតពលរដ្ឋក្នុងក្រុងដាណាងទាំងអស់ ដែលមានចំនួនសរុបជាង ១.១ លាននាក់ ត្រូវបន្ថែមការប្រុងប្រយ័ត្ន និងត្រូវអនុវត្តវិធានការអនាម័យឲ្យបាប់ខ្ជាប់ខ្ជួនគ្រប់វេលាដើម្បីការពារខ្លួនពីការឆ្លងជំងឺ COVID-19។

គួររម្លឹកជូនដែរថា កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា កន្លងទៅនេះ អាជ្ញាធរសុខាភិបាលវៀតណាមបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ចំពោះបុរសវៀតណាមម្នាក់ មានអាយុ ៥៧ឆ្នាំ ដែលរស់នៅតំបន់ទេសចរណ៍មាត់សមុទ្រនៃក្រុងដាណាង ហើយកាលពីថ្ងៃអាទិត្យអាជ្ញាធរក៏បានរកឃើញករណីក្នុងស្រុកចំនួន ៣បន្ថែមទៀត។ ម្សិលមិញនេះវៀតណាមបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៨០ ០០០ នាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុកចេញពីទីក្រុងដាណាងជាបន្ទាន់ផងដែរ ខណៈដែលនៅល្ងាចថ្ងៃច័ន្ទផ្ទាល់ពួកគេរកឃើករណីក្នុងស្រុកចំនួន ១១នាក់ បន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់ VNexpress ។
សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះវៀតណាមមានអ្នកជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៣១ ករណី ដោយគ្មានករណីស្លាប់ ហើយឥឡូវវៀតណាមកំពុងព្យាយាមប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតជំងឺ COVID-19 នៅក្នុងសហគមន៍ ដោយសារវាជាការផ្ទុះឡើងជាលើកដំបូងបំផុតក្នុងរយៈពេល ១០០ ថ្ងៃផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia ,VNexpress