មន្ត្រីនគរបាលបោះពួយរថយន្ត Highlander លឿនពេកជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ប្រុសស្រីទាំង២នាក់ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល
(ភ្នំពេញ)៖ រថយន្ត Highlander បើកបរដោយមន្ត្រីនគរបាលមួយរូប ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ប្រុសស្រីពីរ នៅផ្លូវចូលទៅកន្លែងធ្វើប៉ាស្ព័រ នាម៉ោងជាង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

បើតាមពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានប្រាប់ថា រថយន្តនិងម៉ូតូ គឺបើកលើផ្លូវទិសគ្នាបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុក៏បាន បុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យអ្នកដែលជិះម៉ូតូស្រីប្រុស រងរបួសបាក់ជើងទាំងពីរ ត្រូវបានឡានពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។
អ្នកបើកបររត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ដែលមានអាវជាមន្ត្រីនគរបាលពាក់សក្តិ៤កន្លះ ឈ្មោះ វរសេនីយ៍ត្រី ពុធ ប៊ុនធឿន ដែលបន្សល់ទុកក្នុងរថយន្តបង្ក ពាក់ស្លាកលេខភ្នំពេញ 2AN-1916 ។ ចំណែកឯជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយមិនទាន់ស្គាល់អត្តសញ្ញាណទេ ម៉ូតូជនរងគ្រោះម៉ាក Zommer-X ស្លាកលេខកំពត 1K-9525 ។
បច្ចុប្បន្នក្រោយកើតហេតុ វត្ថុតាងទាំងពីរមានរថយន្ត និងម៉ូតូ ត្រូវបានប្រគល់អោយកម្លាំងការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕






ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត