ចិនបើកបររថយន្តស៊េរីទំនើបរេចង្កូតបុកម៉ូតូពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈពួកគេជិះម៉ូតូ ២គ្រឿងស្របទិសគ្នាហើយត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងកើតបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកម្ចាស់រថយន្តជាជនជាតិចិនឈ្មោះ Zhang zhaming ភេទប្រុសអាយុ៤១ឆ្នាំ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ ២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GT 2098 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាក zoomerx ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នាខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD 1698 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចហើយបានរេចង្កូតទៅបុកជាមួយម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ភ្លាមនោះម៉ូតូម៉ាក zoomerx ដោយសារតែរបួសស្រាលហើយមិនចង់មានរឿងវែងឆ្ងាយក៏សុំរួចខ្លួនបន្តដំណើរទៅមុខបាត់ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ភ្លាម រងចាំទាក់ទងទៅជំនាញមកធ្វើការវាស់វែងយកទៅរថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕









ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត