ទីក្រុងតូក្យូថ្ងៃអង្គារនេះរកឃើញករណីកូវីដ១៩ ថ្មីចំនួន ២៦៦ករណី បន្ថែមទៀត
រដ្ឋាភិបាលក្រុងតូក្យូនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៦៦ បន្ថែមទៀត ខណៈការព្រួយបារម្ភជាសាធារណៈកាន់តែកើនឡើង ដោយសារល្បឿននៃការឆ្លងនៅក្នុងទីក្រុងនេះកាន់តែលឿនជាងពេលណាទាំងអស់ក្នុងខែនេះ។ កាលពីថ្ងៃច័ន្ទទីក្រុងនេះមានករណីតែ ១៣១ ដែលជាការធ្លាក់ចុះក្រោម ២០០នាក់ ជាលើកដំបូងក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែថ្ងៃនេះវាបានឡើងដល់ជាង ២០០ សារជាថ្មីទៀត។

គិតមកទល់ពេលនេះចំនួនករណីជំងឺ COVID-19 នៅទីក្រុងតូក្យូក្នុងខែកក្កដាតែមួយ គឺមានជាង ៥,០០០នាក់ ដែលស្មើនឹងជិត ៥០% នៃចំនួនសរុប ចាប់តាំងពីជំងឺបានវាយប្រហារទីក្រុងនេះ។ ក្នុងរាជធានីចាប់ផ្ដើមមើលឃើញពីការឆ្លងថ្មីៗចំនួន ៣ខ្ទង់ ក្នុងខែនេះ ហើយចំនួនកត់ត្រាខ្ពស់បំផុតសម្រាប់ខែកក្កដាគឺ ៣៦៦ករណី។ កាលពីម្សិលមិញនៅទូទាំងជប៉ុនមានករណីសរុបទាំងអស់ជិត ៦០០ករណី ហើយក៏មានការស្លាប់ថ្មី ១នាក់ ផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ Japan Today