រថយន្ត

បុរសម្នាក់បានបន្លំឯកសារខ្ចីលុយពីកម្មវិធីការពារហានិភ័យជំងឺ COVID-19 ពីរដ្ឋចំនួន ៣.៩ លានដុល្លារ ហើយទៅទិញ Lamborghini Huracan ជិះយ៉ាងរំភើយ ទីបំផុតត្រូវឃាត់ខ្លួន

BY
autoadmin
July 29, 2020

បុរសម្នាក់ឈ្មោះថា David T. Hines អាយុ ២៩ឆ្នាំ រស់នៅទីក្រុង Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានតុលាការសហព័ន្ធចោទប្រកាន់ពីបទប្រើប្រាស់លុយកម្ចីពីកម្មវិធីការពារ (Paycheck Protection Program) ដែលជាផ្នែកមួយនៃច្បាប់ CARES Act សម្រាប់ហានិភ័យនៅពេលមានវិបត្តិជំងឺ COVID-19 ចំនួន ៣.៩ លានដុល្លារអាមេរិក ទៅទិញរបស់របរថ្លៃៗជាច្រើន ជាពិសេសគឺរថយន្ត Lamborghini Huracan ស៊េរីឆ្នាំ២០២០ តម្លៃ ៣១៨,០០០ដុល្លារ យកមកជិះយ៉ាងរំភើយ។

បើយោងតាម នាយកដ្ឋានយុត្តិធម៌ បានឱ្យដឹងថាលោក David T. Hines ជាប់ចោទពីបទបន្លំឯកសារធនាគារ ធ្វើរបាយការណ៍មិនពិតទៅស្ថាប័នហិរញ្ញវត្ថុ និងចូលរួមក្នុងប្រតិបត្តិការក្នុងដំណើរការខុសច្បាប់។ របាយការណ៍បាននិយាយថា David T. Hines បានព្យាយាមយកកម្ចីរហូតដល់ទៅ ១៣.៥ លានដុល្លារអាមេរិក ពីកម្មវិធីការពារ (PPP) ហើយបានដាក់ស្នើខ្ចីប្រាក់ដោយយោងលើទំហំការចំណាយប្រចាំខែមិនពិត។

នៅក្នុងពាក្យស្នើរបស់លោក David T. Hines គាត់បានដាក់ថា គាត់មានជំនួញ ៤ ជាមួយនឹងបុគ្គលិក ៧០នាក់ ហើយចំណាយប្រចាំខែគឺ ៤ លានដុល្លារអាមេរិក ប៉ុន្តែការពិតការចំណាយប្រចាំខែរបស់គាត់គឺតែ ២០០,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះការក្លែងបន្លំទាំងអស់នេះ ប្រសិនបើលោក David T. Hines ត្រូវបានរកឃើញថាមានពិរុទ្ធមែននោះ គាត់នឹងត្រូវជាប់គុករហូតដល់ទៅ ៧០ឆ្នាំ។ ឥឡូវនេះប៉ូលីសបានរឹបអូស Lamborghini សំណព្វ និងលុយនៅសល់ចំនួន ៣.៤លានដុល្លារ របស់គាត់ហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ ញូយ៉កថែមស៍, Business Insider

Share This Post: