ករណីថ្មីនៃជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា បានហក់ឡើងដល់ជាង ៥០,០០០នាក់ ក្នុងមួយថ្ងៃជាលើកដំបូងបំផុត
ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ច្រើនជាង ៥០,០០០ ជាលើកដំបូងបំផុត ខណៈដែលរដ្ឋាភិបាលកំពុងបន្ធូរបន្ថយការរឹតត្បឹតលើសកម្មភាពនិងពាណិជ្ជកម្ម។ ប្រទេសឥណ្ឌាបានរកឃើញករណីសរុបចំនួន ៥២,១២៣ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបមានដល់ជាង ១.៦ លាននាក់។ ក្នុងរយៈពេលដូចគ្នានេះក៏មានមនុស្សចំនួន ៧៧៥នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ដែលនាំឱ្យការស្លាប់សរុបកើនដល់ជាង ៣៥,០០០ ករណី។

ខណៈពេលដែលទីក្រុងធំៗដូចជា ញូដេលី និងក្រុងបុមបៃ បានមើលឃើញពីការធូរស្រាលនៃករណីថ្មីៗ នៅតំបន់ជនបទបានបន្តកើនឡើងករណីថ្មីយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកជំនាញបារម្ភពីសមត្ថភាពនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ គួរឱ្យដឹងដែរថា ឥណ្ឌាជាប្រទេសមានការឆ្លងច្រើនបំផុតលំដាប់ទី៣ ក្នុងពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល។ ទូទាំងពិភពលោកមានករណីសរុប ១៧លាននាក់ ខណៈដែលការស្លាប់មានជាង ៦៧០,០០០ នាក់ហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ