ខ្លួនជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ ក៏បង្ហោះវីដេអូប្រមាថមើលងាយសមត្ថកិច្ច ឥលូវយល់ព្រមទទួលកំហុសហើយចូលខ្លួនមកសារភាពកំហុស (មានវីដេអូ)
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែលបាន Live វីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ មកលើសមត្ថកិច្ចក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរកនិងកោះហៅបុគ្គលឈ្មោះ ស្វាយ សារី ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់និងធ្វើការសុំទោសជាសារណៈ។

ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិតបុគ្គលរូបនេះបានយល់ព្រមទទួលកំហុសហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ចដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ