រថយន្ត

ប្រទេសថៃបានដាក់ដំណើរការសេវាកម្មទូកអគ្គិសនីជាលើកដំបូងបំផុត និងបង្កើតឡើងដោយប្រជាជនថៃផ្ទាល់

BY
autoadmin
August 1, 2020

ប្រទេសថៃបានដាក់ដំណើរការសេវាកម្មទូកអគ្គិសនី សម្រាប់ការធ្វើពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាសធ្ងន់ធ្ងរ។ ទូកដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថាមពលកកើតឡើងវិញ (Energy Absolute) របស់ថៃ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃសុក្រ នៅតាមបណ្តោយដងទន្លេចៅប្រាយ៉ា ក្បែរទីក្រុងបាងកក។ ក្រុមហ៊ុនបាននិយាយថា ទូកនេះត្រូវបានបំពាក់ដោយអាគុយលីចូមអ៊ីយ៉ុងធំ អាចផ្ទុកមនុស្សបានរហូតដល់ ២០០នាក់ ហើយអាចធ្វើដំណើរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលសាកអាគុយត្រឹមតែ ២០នាទី។

ការកកស្ទះតាមផ្លូវបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងបាងកក ដោយសារកត្តាជាច្រើនរួមទាំងកំណើនប្រជាជន។ ចរាចរណ៍បានថយចុះនាពេលថ្មីៗនេះដោយសារការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែការបំពុលបរិយាកាសនៅតែជាបញ្ហាធ្ងន់ធ្ងរដដែល។ Energy Absolute គ្រោងនឹងដាក់ទូកអគ្គិសនីចំនួន ២០គ្រឿង ដោយភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ជាយក្រុង។ នាយកប្រតិបត្តិលោក Somphote Ahunai មានប្រសាសន៍ថា ការផ្លាស់ប្តូរទៅប្រើរថយន្ត ឡានក្រុង និងទូក ជាប្រភេទអគ្គិសនី នឹងធ្វើឱ្យបរិយាកាសក្នុងរាជធានីនេះកាន់តែប្រសើរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bangkok Biz News, NHK

Share This Post: