អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងណែនាំក្លឹបកម្សាន្តអេភិច២ (Epic2)
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២:៤៥នាទី ដោយយោងសេចក្តីជូនដំណឹងលេខ ០៦៥/២០សជណច្រ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកជំទាវ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានចុះត្រួតពិនិត្យ និងណែនាំដល់ទីតាំងអាជីវកម្មក្លឹបកម្សាន្តអេភិច២ (Epic2) ស្ថិតនៅភូមិ០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថាមានអាជ្ញាប័ណ្ណទេសចរណ៍ ភោជនីយដ្ឋាន លេខ១៦១៨/២០ ល.អ.ប្រ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ទីតាំងបានប្តូរមកជាភោជនីយដ្ឋាន (ថ្មី) ។
មានរៀបចំឧបករណ៍ម៉ាស៊ីនវាស់កំដៅ មានចាក់ភ្លេងកំដរភ្ញៀវតិចៗ និងមានគម្លាតសុវត្ថិភាពសង្គម (១,៥០ម៉ែត្រ) ហើយពុំមានការរាំកម្សាន្ត គ្រប់បុគ្គលិកមានពាក់ម៉ាសត្រឹមត្រូវ បន្ទប់ទឹកមានសាប៊ូលាងដៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។
ជាចុងក្រោយ លោកអភិបាលខណ្ឌ បានធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្មខាងលើដូចខាងក្រោម : ១ – ហាមដាច់ខាតមិនឲ្យមានការចាក់ភ្លេងរាំឌីស្កូ ដែលខុសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។ ២ – ហាមមានការប្រគំតន្រី្ត ( Live Band ) ។ ៣ – ត្រូវបន្តគោរពអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានជាប្រចាំ និងម៉ឺងម៉ាតបំផុត ។ ៤ – ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ នឹងមានវិធានការយ៉ាងម៉ឺងម៉ាតបំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្ម ។
កំណត់ហេតុបានបញ្ចប់ នៅវេលាម៉ោង២៣:៣០នាទី នាថ្ងៃខែឆ្នាំដដែល ដោយបានអានជូនម្ចាស់ ឬអ្នកគ្រប់គ្រងខាងលើស្តាប់ និងសុខចិត្តផ្តិតមេដៃទុកជាភស្តុតាង ៕

ដោយ៖ បងម៉េង ខ្មែរណូត