រថយន្ត

ក្រុមហ៊ុន Toyota បញ្ចេញរថយន្ត Land Cruiser ស៊េរីឆ្នាំ2021 មានជម្រើសកៅអី3ជួរ ហើយតម្លៃវិញគឺចាប់ពី 86,840 ដុល្លារ ក្នុងទីផ្សារអាមេរិក

BY
autoadmin
August 1, 2020

កាលពីឆ្នាំមុនលោក Jonny Lieberman ដែលជានាយករបស់ទស្សនាវដ្តីរថយន្ត Motor Trend ធ្លាប់បានប្រាប់ថា ក្រុមហ៊ុន Toyota គ្រោងនឹងឈប់ផលិតរថយន្ត Land Cruiser តទៅទៀតហើយនៅឆ្នាំ២០២២ ហើយតាំងពីនោះមកយើងក៏មិនច្បាស់ពីជោគវាសនារបស់ម៉ូដែលនេះដែរ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Toyota នៅតែប្រកាសដំណឹងល្អខ្លះៗ សម្រាប់ប្រិយមិត្តអ្នកចូលចិត្តរថយន្តនេះតាំងតែពីដើមមក ដោយយ៉ាងហោចណាស់វានៅសល់ពេលមួយឆ្នាំទៀត ទម្រាំតែម៉ូដែលចាស់វស្សាមួយនេះនឹងឈប់ផលិត។

ក្រុមហ៊ុន Toyota បានបង្ហាញជាផ្លូវការនូវរថយន្ត Land Cruiser Heritage Edition ស៊េរីថ្មីឆ្នាំ2021 ហើយវាក៏មើលទៅមិនខុសប្លែកពីម៉ូដែលចាស់ប៉ុន្មានដែរ ប៉ុន្តែវាបានផ្ដល់នូវជម្រើសកៅអី 3ជួរ និងការបន្ថែមពណ៌ឱ្យជ្រើសរើសចំនួន 2 បន្ថែមទៀត ដែលមានដូចជា៖ ទឹកប្រាក់រលោង កណ្ដុរប្រម៉េះ ខ្មៅរលោង និងពណ៌ស។ គ្រប់ Heritage Edition ស៊េរីថ្មី នឹងមានមកជាមួយយ៉ាន់ស្ព័រទំហំ 18 អ៉ីញ ប្លែកពីគ្នា។

ថាមពលសម្រាប់រថយន្ត SUV នេះគឺនៅតែជាម៉ាស៊ីន V-8 ចំណុះ 5.7លីត្រ ដូចគ្នានឹងស៊េរីមុនដែរ ដោយមានកម្លាំង 381 hp និងកម្លាំងបង្វិល 401 lb-ft ។ ប្រព័ន្ធបូម Kinetic Dynamic Suspension (ជំនួយកុំឱ្យរថយន្តរ៉េពេក), Hill-descent control (ជំនួយពេលចុះទួល), Multi-terrain select, Lane-departure warning, Automatic high-beam headlights និងមុខងារសំខាន់ជាច្រើនទៀត នឹងជួយដល់ការធ្វើដំណើររបស់លោកអ្នកទៅបានគ្រប់ទីកន្លែង។

Land Cruiser នៅតែគ្មាន Apple CarPlay និង Android Auto ដែលនេះជាអ្វីដែលវាខ្វះខាត ប៉ុន្តែវាមានប្រព័ន្ធសំឡេង JBL 14-speaker និងបន្ទះសាកឥតខ្សែសម្រាប់ស្មាតហ្វូនរបស់អ្នក។ ចំណែកតម្លៃសម្រាប់ Land Cruiser ធម្មតាគឺចាប់ពី ៨៦,៨៤០ ដុល្លារ ខណៈដែល Heritage Edition មានតម្លៃចាប់ពី ៨៩,១៧០ ដុល្លារ នៅទីផ្សារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Motor Trend

Share This Post: