ព័ត៌មានជាតិ

ជនមិនស្គាល់មុខលួចដុតបំផ្លាញសម្ភារៈហាងលក់គ្រឿងសំណង់ចិន នៅផ្លូវ៦០ម៉ែត្រ ឆេះខ្ទេចផ្អើលដល់អ្នកជិតខាងស្លន់ស្លោ ហៅសមត្ថកិច្ចជួយ

BY
Khmernote Media
August 2, 2020

រាជធានីភ្នំពេញ ៖ ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កំរិត បានធ្វើឲ្យបុរសម្នាក់ បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារៈហាងលក់គ្រឿងសំណង់ចិនមួយកន្លែង បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើប “ហួរយាន” និងឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងយីហោ “ភីលីថុន” ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ខាងត្បូងច្រមុះជ្រូកក្បាលថ្នល់(ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនជាតិចិនជាម្ចាស់ហាងបិទទ្វារហាងចូលសម្រាកអស់ ស្រាប់តែមកដល់ម៉ោងកើតហេតុ មានជនសង្ស័យម្នាក់ បានដើរមកពីខាងត្បូងហាងដៃម្ខាងកាន់ដំបងឈើ និងដៃម្ខាងទៀត កាន់ពិល ដើររកមើលនេះមើលនោះ ហើយដើរកាត់ពីមុខហាងមកធ្វើសកម្មភាព វាយនិងកាច់កាមេរ៉ាសុវត្ថិភាពចេញ ដើម្បីកុំអោយឃើញសកម្មភាពរបស់គេ ហើយបានដុតបំផ្លាញ បំពង់ទុយោជ័រធំៗ ដែលដាក់ចោលពីចំហៀងខាងឆ្វេងមុខហាងកើតហេតុខាងលើ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ តែបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នក្រោយកើតហេតុ ប្រធានសន្តិសុខរួមទាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាង ដើម្បីកំណត់មុខសញ្ញា ស្រាប់តែប្រធានសន្តិសុខ ភ្ញាក់ព្រើតព្រោះជនដែលដុតបំផ្លាញនោះ ត្រូវបានគាត់ស្គាល់យ៉ាងច្បាស់ដែលគាត់ហៅឈ្មោះថា “អាស័ក្ត៣” ព្រោះជាអតីតកូនចៅរបស់គាត់ដែលជាសន្តិសុខយាមការដ្ឋានចិនមួយកន្លែង នៅម្ដុំផ្លូវ៦០ម៉ែត្រននោះដែរ តែដោយសារតែជននោះ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត មិនស្ដាប់បទបញ្ជាយាមកាម និងធ្វើរឿងរ៉ាវប្លែកៗពេក ទើបលោកឈប់អោយធ្វើការអស់ពេលជាង១ខែមកហើយ ហើយបែរជាមកធ្វើសកម្មភាពដូច្នេះទៅវិញ ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានអោយជនជាតិចិនដែលជាម្ចាស់ហាង ឬតំណាងអ្នកបកប្រែ អាចទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើបាន ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដែលដុតបំផ្លាញសម្ភារៈហាងកើតហេតុនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ឬបញ្ជូនទៅខាងសង្គមកិច្ចបន្សាបគ្រឿងញៀនតាមជាក់ស្តែងផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: