ព័ត៌មានជាតិ

ស៊យធំ លួចម៉ូតូប៉ះចំម៉ូតូមាន GPS ត្រូវសមត្ថកិច្ចនិងម្ចាស់តាមរកឃេីញ ចុងក្រោយជាប់ខ្នោះ

BY
Khmernote Media
August 2, 2020

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកចាប់ឃាត់ខ្លួនតាមរយៈ GPS ក្រោយធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេច ហើយព្យាយាម រត់គេចខ្លួន។ កាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៨៨ ផ្លូវលេខ៩៥ ក្រុម១១ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈន ប៊ុនថា អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរបន្ទប់ជនរងគ្រោះ។ ចំណែកជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូម៉ាក Zoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 (ប្រគល់ឲ្យជនរងគ្រោះវិញ)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាក Zoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 នៅមុខបន្ទប់ជួល ដោយបានចាក់សោរត្រឹមត្រូវ រួចបានចេញទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ស្រាប់តែត្រឡប់មកវិញ បាត់ម៉ូតូតែម្តងក៏ប្រញាប់ប្រាប់ម្ចាស់ផ្ទះជួលឆែកមើលកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យលួចយកជិះចេញទៅបាត់ តែដោយសារម៉ូតូជនរងគ្រោះដាក់ GPS ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនតាមរក ក៏ឃើញម៉ូតូរបស់ខ្លួននៅមុខសណ្ឋាគារ PBC ទាល់មុខរដ្ឋសភា ឈប់នៅទីនោះ ទើបជនរងគ្រោះចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

Share This Post: