ទម្លាប់បើកលឿន! តៃកុងក្មេងបើករថយន្តកូរ៉េដឹកទឹកកក លឿនពេកដល់ថ្នាក់ផ្សែងហុយទ្រលោមពីក្រោយ ជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ឆ្វេង កៀបព្រូនិងតៃកុងរបួសធ្ងន់
ភ្នំពេញ ៖ ស្ដែងៗ! កៀបព្រូរថយន្តម្នាក់ជាប់ក្នុងកាប៊ីន និងអ្នកបើកបរបែកចិញ្ចើមស្ដាំ បន្ទាប់ពីបើករថយន្តកូរ៉េដឹកទឹកកក លឿនដូចហោះឡើងហុយផ្សែង ស្រាប់តែអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត កំពុងស៊ីញ៉ូបត់ឆ្វេងបំណងត្រលប់ក្រោយបានបន្តិច បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវវេងស្រេង ជិតផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤ទាបភ្លឺឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ។

រថយន្តទាំង២គ្រឿងមានដូចជា គឺរថយន្តប្រភេទយីឌុប ម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3B-8398 និងរថយន្តដឹកទំនិញមួយគ្រឿងទៀត ដែលជារថយន្តដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខពោធិ៍សាត់ 3A-0039 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តយីឌុបបើកតាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ព្យាយាមបត់ឆ្វេងដៃស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកកបើកតាមបណ្ដោយផ្លូវវ៉េង ស្រេង ទិសដៅពីលិចទៅកើតស្របទិសគ្នា ក្នុងល្បឿនលឿនពេក ជាន់ហ្វ្រាំងមិនទាន់ក៍ទៅបុកពេញទំហឹងពីចំហៀងខាងឆ្វេងចំធុងប្រេង បណ្ដាលឲ្យហូរប្រេងអស់ពីធុង និងកៀបជាប់ព្រូរថយន្តដឹកទឹកកក រងរបួសធ្ងន់ និងតៃកុងរបួសបែកចិញ្ចើមខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តគិលានសង្គ្រោះដឹកបញ្ជូនយកទៅសង្គ្រោះជីវិតផងដែរ។ ភ្លាមៗនេះដោយឃើញសភាពមិនស្រួល តៃកុងរថយន្តយីឌុប បានបើកទ្វាររត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បើតាមសម្ដីអ្នកលក់បបរតាមរ៉ឺម៉ក និងបុរសម្នាក់ទៀតដែលជាអ្នករត់ម៉ូតូឌុប បានលួចប្រាប់ថា ជារៀងរាល់យប់ពេលដល់ម៉ោងដឹកទឹកកកដាក់អោយម៉ូយ ពួកគាត់តែងតែឃើញ តៃកុងរថយន្តដឹកកកក្មេងៗទាំងនេះ ជាន់កប់ៗហ្គែរ លុះពេលកើតហេតុ ទំនងជាជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីចំហៀងខាងឆ្វេងតែម្ដង ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ខានសហការជាមួយផ្នែកជំនាញចុះមកវាស់វែង ស្ទូចយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត