ចំនួនករណីជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ពេលនេះកើនលើសពី ១៨លាននាក់ ខណៈមានមនុស្សស្លាប់ជាង ៦៨ម៉ឺននាក់
ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ នៅម៉ោង ២២ និង ៤០ (GMT) បានកើនឡើងដល់ ១៨ លាននាក់ ខណៈមានមនុស្សស្លាប់សរុប ៦៨៧ ៩៤១ នាក់ហើយ។ ក្នុងនោះផងដែរករណីថ្មីចំនួន ១លាន ត្រូវបានកត់ត្រាត្រឹមរយៈពេល ៤ថ្ងៃ ចុងក្រោយមកនេះ ខណៈដែលជាងពាក់កណ្ដាលនៃករណីជំងឹ COVID-19 សរុបត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។

សហរដ្ឋអាមេរិកជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ជាមួយនឹងករណីចំនួន ៤ ៦៥៧ ៦៩៣ ដោយក្នុងនោះមានករណីស្លាប់ចំនួន ១៥៤ ៧៩៣ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល មានករណីចំនួន ២ ៧៣៣ ៦៧៧ និងមានអ្នកស្លាប់ចំនួន ៩៤ ១០៤ នាក់។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេទី៣ គឺឥណ្ឌា ដែលមានករណីសរុបចំនួន ១ ៧៥០ ៧២៣ និងមានអ្នកស្លាប់ចំនួន ៣៧ ៣៦៤ នាក់។ ការកត់ត្រានេះផ្អែកលើទិន្នន័យដែលប្រមូលបានដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ពីអាជ្ញាធរជាតិ និងព័ត៌មានពីអង្គការសុខភាពពិភពលោក (WHO)។ តួលេខពិតប្រាកដអាចនឹងច្រើនជាងការបង្ហាញរបស់ភ្នាក់ងារទាំងនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ New Straits Times