រថយន្ត

Cristiano Ronaldo ជះលុយ ១១លានដុល្លារ ទិញរថយន្ត Bugatti Centodieci ដែលមានតែ ១០គ្រឿង លើពិភពលោកនេះ ដើម្បីអបអរពាន Serie A

BY
autoadmin
August 3, 2020

ដើម្បីអបអរសាទរការឈ្នះពាន Serie A ជាលើកទី៩ជាប់ៗគ្នារបស់ក្លឹប Juventus នាពេលថ្មីៗនេះ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានឱ្យកាដូខ្លួនឯងជាមួយនឹងរថយន្ត Bugatti Centodieci ប្រភេទ Limited Edition ដែលមានតែ ១០គ្រឿង ប៉ុណ្ណោះនៅលើពិភពលោកនេះ។ គួរឱ្យដឹងដែរផងថា កំពូលតារាបាល់ទាល់សញ្ជាតិព័រទុយហ្កាល់រូបនេះ តែងតែប្រមូលទិញរថយន្តប្រណីតៗ​បញ្ចូលក្នុង Collection របស់គាត់។

ជាមួយនឹងតម្លៃប្រមាណ ១១ លានដុល្លារអាមេរិក រថយន្ត Bugatti Centodieci គឺពិតជាមិនថោកនោះទេ ប៉ុន្តែសម្រាប់កីឡាករគីឡូ Cristiano Ronaldo គាត់គ្មានបញ្ហាជាមួយលុយប៉ុណ្ណឹងទេ ខណៈដែលក្លឹប Juventus ហ៊ានចំណាយលុយជាង ១០០លានដុល្លារ ដើម្បីឱ្យលោក Ronaldo ចុះកុងត្រារយៈពេល ៤ឆ្នាំ នៅទីនោះ។ រថយន្ដស៊េរីទំនើបនេះមានមូលដ្ឋានលើម៉ាក Chiron ដែលគាត់ធ្លាប់មានម៉ាកនេះរួចហើយ ប៉ុន្តែអាមួយនេះវាឡូយ ហើយ unique ជាងរថយន្ត Chiron ធម្មតា។

រថយន្ត Bugatti Centodieci មានការរចនាផ្នែកខាងក្រៅដែលត្រូវបានកែសំរួលទាំងស្រុង ដែលជាការរំលឹកដល់រថយន្ត Bugatti EB110 នាទសវត្សឆ្នាំ១៩៩០។ ផ្នែកខាងក្រៅដ៏ប្លែកនេះផ្តល់ឱ្យរថយន្តម៉ាក Bugatti Centodieci មានភាពខុសគ្នាទាំងស្រុង នៅពេលប្រៀបធៀបទៅនឹងរថយន្ត Chiron ដែលវាមានមូលដ្ឋានលើ។ Bugatti Centodieci ត្រូវបានបំពាក់ដោយម៉ាស៊ីនកំណែ W-16 របស់ Bugatti Chiron ។ វាមានថាមពល ១,៥០០សេះ ដែលខ្លាំងជាង Bugatti Chiron ប្រហែល ១០០សេះ។

រថយន្ត Bugatti Centodieci ក៏មានបំពាក់នូវបំពង់ផ្សែង stacked quad exhausts សម្រាប់ការសាយភាយផ្នែកខាងក្រោយធំទូលាយ ដែលបង្កើនល្បឿន downforce និងស្ថេរភាពនៅលើដងផ្លូវពេលជិះលឿន។ ប៉ុន្តែយ៉ាងណាលោក Cristiano Ronaldo នឹងត្រូវរង់ចាំរថយន្តនេះដូចគេដូចឯងរហូតដល់ ឆ្នាំ២០២១ ដោយសារថាកំពូល hypercar មួយនេះត្រូវការពេលវេលាដើម្បីផលិតឡើង។ ដូច្នេះអំឡុងពេលនេះគាត់ត្រូវជិះអា Chiron ឬរថយន្តទំនើបផ្សេងទៀត ដើម្បីកំដរអារម្មណ៍សិន៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: