ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនិយាយថា ជំងឺកូវីដ១៩ ដែលផ្ទុះឡើងនៅក្រុងដាណាង គឺជាប្រភេទឆ្លងរាលដាលខ្លាំងជាងពីមុន

    BY autoadmin August 3, 2020
    ក្រសួងសុខាភិបាលវៀតណាមនិយាយថា ជំងឺកូវីដ១៩ ដែលផ្ទុះឡើងនៅក្រុងដាណាង គឺជាប្រភេទឆ្លងរាលដាលខ្លាំងជាងពីមុន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាល្ងាចថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមកំពុងដុតដៃដុតជើងធ្វើគ្រប់បែបយ៉ាង ដើម្បីទប់ទល់ជាមួយការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងទីក្រុងដាណាង ហើយអ្វីដែលជាការព្រួយបារម្ភនោះគឺ ដាននៃមេរោគរបស់វាមានសម្ថភាពឆ្លងខ្លាំងជាងមេរោគពីមុន។ រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលបាននិយាយថា៖«លទ្ធផលនៃលំដាប់ហ្សែនបានបង្ហាញថា មេរោគដែលបានចូលមកវៀតណាមនេះជាប្រភេទថ្មីមួយ។ វាមានការប្រែហ្សែន ដែលធ្វើឱ្យមានកម្រិតនៃការឆ្លងខ្ពស់»។

    រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long នៅឯកិច្ចប្រជុំមួយ ជាមួយគណៈកម្មាធិការជាតិសម្រាប់ការការពារនិងទប់ស្កាត់ជំងឺ COVID-19 បាននិយាយថា៖«អត្រានៃការឆ្លងមានប្រហែលពី ៥ ទៅ ៦នាក់ បើប្រៀបធៀបទៅនឹងប្រភេទមេរោគចាស់ពីមុនដែលមានអត្រាពី ១.៨ ទៅ ២.២នាក់»។ អត្រានេះស្មើនឹងចំនួនមនុស្សដែលអាចមានលទ្ធភាពឆ្លងពីអ្នកជំងឺ COVID-19 នៅពេលដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធគ្នា។ ការរកឃើញនេះត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ពេទ្យក្នុងស្រុក និងវិទ្យាស្ថានប៉ាស្ទ័ររបស់វៀតណាម។

    ការរកឃើញនេះក៏បានជំរុញឱ្យប្រទេសវៀតណាមបញ្ជូនធនធានទៅក្រុងដាណាងបន្ថែមទៀត ខណៈពេលកំពុងបិទទ្វារផ្នែកខ្លះនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលករណីថ្មីៗទាក់ទងនឹងទីក្រុងកណ្តាលត្រូវបានគេរាយការណ៍។ គិតមកត្រឹមថ្ងៃអាទិត្យ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧៤នាក់ ដែលសុទ្ធតែទាក់ទងនឹងក្រុងដាណាង ក្នុងរយៈពេលប្រហែល ១១ថ្ងៃ ចាប់តាំងពីថ្ងៃទី២៥ ចុងខែកក្កដា ហើយក៏មានអ្នកស្លាប់សរុប ៦នាក់ ហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: