ចិត្តដាច់អីម៉្លេះ! ទារកទើបកើតម្នាក់ ត្រូវឪពុកម្តាយយកមកបោះចោលលើគំនរសំរាម សំណាងអាយុថ្លៃនៅមានជីវិត ត្រូវអ្នកភូមិប្រទះឃើញសុខចិត្តយកទៅចិញ្ចឹម
រាជធានីភ្នំពេញ ៖ ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីបងស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានរៀបរាប់ក្រុមការងារខ្មែរណូតយើងថា បុរសស្រី្តពីរនាក់ប្ដីប្រពន្ធដែលរើសទារិកាយកមកបីបាច់នេះ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បាននាំទារិកានេះមកសាលាសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបែបបទផ្សេងៗពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម អោយបានដឹងឮ និងដើម្បីបញ្ចាក់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សាដូចកូនបង្កើតដោយស្របច្បាប់ និងបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីបានមកលក់ លក់ឆាក្ដៅនិងសាច់ក្លែមតាមរទេះ ដែលទើបមកដាក់លក់នៅទីនោះ បាន៣ថ្ងៃប៉ុណ្ណោះ លុះថ្ងៃប្រទះឃើញ ខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបអីជាមួយមិត្តភ័ក្តពីរបីនាក់ទៀត នៅក្បែរកន្លែងលក់ ហើយនៅម៉ោងកើតហេតុ រថយន្តស៊ិនទ្រីដែលមានកម្មករប្រមូលសំរាមដើរតាមប្រមូលសំរាម និងយករនាស់ដែកចុងស្រួចៗមុខបី កាយសំរាមបោះចូលឃ្លប់រថយន្ត ហើយនៅពេលរថយន្តដឹកសំរាមបើកមកដល់ដើម្បីរងចាំអោយកម្មករប្រមូលសំរាមមកតាមក្រោយ ស្រាប់តែលឺសម្លេង ក្មេងយំ ង៉ាង៉ា ដោយពេលនោះក៏មានកម្មករម្នាក់ថា សម្លេងកូនឆ្មាយំទេដឹង ? ក៏នាំគ្នាដើររកមើលអោយអស់ចម្ងល់ទាំងអស់គ្នា ស្រាប់តែឃើញទារកនៅមានជីវិតនៅឡើយ ទើបស្រ្តីជាប្រពន្ធចូលទៅបីយកចេញមក ទាំងមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថា ម្តាយឬឪពុករូបណា ចិត្តអប្រិយបោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ ណាមួយអាណិតហើយ ក្មេងស្រីទៀត កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វីជាមួយគ្នាដែលទើបនឹងកើតបែបនេះ ក៏រើសបីយកមកបីបាច់ថែរក្សាតែម្ដង និងប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងអ្នកភូមិបានដឹងឮផងដែរ។
ប្រភពបន្តថា កាលពីព្រឹកមិញថ្ងៃទី៣ ខែសីហានេះ ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅខាងលើ បានយកទារិកាជីវិតថ្លៃនេះ យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យហើយ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា ទារិកានេះ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមក ដោយសារក្មេងត្រូវគេ បោះបង់ចោលលើគំនរសំរាមធ្វើឲ្យទឹកកាកសំណល់សំរាមផ្សេងៗដែលកខ្វក់នោះ ហូរចូលត្រចៀកម្ខាង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យតាមដានបន្តនៅថ្ងៃទី០៤ ខែសីហានេះបន្តទៀត ។
សង្ឃឹមថា ទារិការងគ្រោះនឹងមានសុខភាពកាន់តែរឹងមាំល្អ ក្រោយទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។ ព្រោះជាក់ស្ដែង គេឃើញថា ទារិកាជីវិតថ្លៃរូបនេះ ហាក់ពុំមានបញ្ហាអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត