យ៉ាងហោចណាស់មនុស្ស ៤១នាក់ នៅលើនាវាទេសចរណ៍ន័រវេស MS Roald Amundsen បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកដំណើរ និងនាវិកចំនួន ៤១នាក់ នៅលើនាវាទេសចរណ៍ន័រវេស MS Roald Amundsen បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ឥឡូវនេះអ្នកដំណើររាប់រយនាក់ដែលនៅសេសសល់ កំពុងត្រូវបានគេដាក់នៅដោយលែករង់ចាំការពិនិត្យរកមើលជំងឺ។ នាវានេះត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនន័រវែសឈ្មោះ Hurtigruten ហើយវាបានចូលចតនៅកំពង់ផែ Tromso ភាគខាងជើងប្រទេសន័រវេសកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន Hurtigruten ក៏បានបញ្ឈប់ដំណើរកម្សាន្តទាំងអស់របស់ខ្លួន ដោយសារតែការផ្ទុះឡើងថ្មីៗនេះ។

នាយកប្រតិបត្តិលោក Daniel Skjeldamsaid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា៖«នេះគឺជាស្ថានភាពធ្ងន់ធ្ងរសម្រាប់អ្នករាល់គ្នាដែលពាក់ព័ន្ធ។ យើងមិនបានធ្វើឱ្យល្អគ្រប់គ្រាន់ ហើយយើងបានធ្វើឱ្យមានកំហុស»។ លោកបានបន្តថា វាជាកំហុសរបស់ក្រុមហ៊ុន ហើយជម្រើសទទួលខុសត្រូវរបស់ក្រុមហ៊ុន គឺត្រូវផ្អាករាល់ដំណើរកម្សាន្តតាមនាវារបស់ក្រុមហ៊ុនទាំងអស់។ ខណៈពេលនេះរដ្ឋាភិបាលន័រវេសបានប្រកាសផ្អាករាល់នាវាដែលមានគ្នាលើសពី ១០០នាក់ មិនឱ្យចុះចតនោះទេ យ៉ាងហើចណាស់ ១៤ថ្ងៃ។
គួរឱ្យដឹងដែរថា នាវាទេសចរណ៍ MS Roald Amundsen បានធ្វើដំណើរមួយសប្តាហ៍ទៅ Svalbard នៅតំបន់អាក់ទិក ហើយក៏គ្រោងទៅលេងអង់គ្លេស និងស្កុតឡេន នៅខែកញ្ញានេះដែរ។ សមាជិកនាវិក ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដោយមានរោគសញ្ញានៃជំងឺ COVID-19 ភ្លាមៗបន្ទាប់ពីកប៉ាល់បានចូលចតនៅកំពង់ផែអាក់ទិក នៅតំបន់ Tromso ហើយក្រោយមកពួកគេបានធ្វើតេស្តវិជ្ជមាន។ សមាជិកនាវិក ៣២ នាក់ផ្សេងទៀត នៅលើនាវាក៏បានវិជ្ជមានជាមួយជំងឺ ហើយពួកគេរួមមានជនជាតិអាល្លឺម៉ង់ បារាំង និងហ្វីលីពីន៕


អត្ថបទ៖ លីដា
ប្រភព៖ BBC