ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្នាក់អាយុទើប១០ឆ្នាំ ២នាក់ទៀតអាយុ១៣ឆ្នាំ នាំគ្នាកាត់ជញ្ជាំងតូបគេចូលប្រមូលលួចទូរស័ព្ទ និងស្ពីឃ័របានមិនចេះតិច

    BY Khmernote Media August 5, 2020
    ម្នាក់អាយុទើប១០ឆ្នាំ ២នាក់ទៀតអាយុ១៣ឆ្នាំ នាំគ្នាកាត់ជញ្ជាំងតូបគេចូលប្រមូលលួចទូរស័ព្ទ និងស្ពីឃ័របានមិនចេះតិច

    ខេត្តបាត់ដំបង៖ ពីថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០​២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឯកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងតាមយោបល់ណែ​នាំ​របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោក​វរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំផ្នែកជំនាញធ្វើការនាំខ្លួនក្មេងប្រុស ចំនួន ០៣នាក់ យកមកធ្វើការសាសួរស្រាវជ្រាវក្នុងករណីសង្ស័យធ្វើសកម្ម​ភាព(​កា​ត់​ជញ្ជាំងតូប)លក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ ។

    ក្នុងពេលធ្វើការសាកសួរស្រាវជ្រាវ​ដោយមានអាណាព្យាបាលចូលរួមស្តាប់ផងនោះជនសង័្សយវ័យក្មេងបានឆ្លើយសារភាពថាពួកគេ​ពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែង ចូលទៅលួចយកទ្រព្យសម្បត្តិនៅ​ក្នុងនោះប្រាកដមែន ។
    ពួកគេទាំង០៣នាក់រួមមាន៖
    ១-ឈ្មោះ សិទ្ធិ មេសា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
    ២-ឈ្មោះ សិទ្ធិ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
    ៣-ឈ្មោះ យ៉ម ផានុ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពានឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

    សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ០១ ខែសី​ហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ០១និង​៣០​នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ ខែសី​ហា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបា​ត់ដំបង មានករណី លួចមានស្ថានទម្ងន់ទោស​មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើស​កម្មភាព(កាត់ទម្លុះទម្លាយជញ្ជាំងតូបលក់ទូរស័ព្ទ)​មួយកន្លែងជារបស់ឈ្មោះ ពេញ សិទ្ធិ ភេទប្រុស អា​យុ៣៣ឆ្នាំដែលរស់នៅនិងប្រកបមុខរបរនៅ​ចំ​ណុចកើតហេតុខាងលើ ហើយក្នុងសកម្មភាព​នេះជនសង័្សយបានលួចយកទ្រព្យសម្បត្តិមួយ​ចំនួនរួមមាន៖
    ១-ទូរសព្ទ័ដៃចំនួន ០៦គ្រឿង
    ២-កូនធុងប៉ាស់(ស្ពីឃរ័ Speaker)ចំនួន ០៤​គ្រឿង
    ៣-ផាវឺបែង Power Bankចំនួន ០៤គ្រឿង

    ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតបានទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយដោយទទួលបាននូវអនុសាសន៍ណែ​នាំ​ពីឯកឧត្តម គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញាអមសា​លា​ដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើកំណត់ហេតុកិច្ចស​ន្យា​អប់រំណែនាំនៅចំពោះមុខអាណាព្យាបា​លរបស់ពួកគេនិងបានប្រគល់ឱ្យយកទៅធ្វើការអប់រំនៅមូលដ្ឋានវិញ ដោយសារពួកគេស្ថិតនៅជា(អនីតិជន)នៅឡើយ។

    លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានធ្វើការអំ​ពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលឱ្យបានជាប់ជាប្រចាំ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាក្នុងករណីមានអំពើល្មើសណាមួយកើតឡើងដើម្បីសមត្ថកិច្ចមានលទ្ធភាពក្នុងការ ចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបបានទាន់ពេលវេលា ជាមួយនេះដែរ លោកសំណូម​ពរដល់អ្នកអាណាព្យាបាល របស់ក្មេងៗសូមធ្វើការ​តាមដាននិងអប់រំណែនាំជាប់ជាប្រចាំដល់ពួកគេឱ្យបានល្អ កុំឱ្យពួកគេដើរធ្វើសកម្មភាព​ល្មើសច្បាប់ ទាំងពួកគេនៅវ័យក្មេងបែបនេះ ៕

    ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay