ចិនហៅចិនគ្នាឯងឲ្យមកម៉ាស្សានៅសណ្ឋាគារ ចុងក្រោយយកកាំបិតភ្ជង់ប្លន់លុយបាន ៦,០០០ដុល្លារ
ក្រុងព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពីបទ គំរាមប្លន់យកប្រាក់ចំនួន ៦០០០ដុល្លារពីស្ត្រីជនជាតិចិនដូចគ្នា។ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ពន្ធ័បទល្មើស លួចមានស្ថានទម្ងន់ទោស ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់ យកលុយចំនួន ៦០០០ដុល្លារ នៅក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ Huang Jie ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរបុគ្គលិកសណ្ឋាគារផ្នែកម៉ាស្សា។ ជនសង្ស័យឈ្មោះ Xie Mohai ភេទប្រុស ជនជាតិចិន អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ។ ក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពប្រាប់នគរបាលថា កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ ខ្លួនពិតជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យទៅម៉ាស្សានៅសណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកលុយចំនួន ៦០០០ដុល្លា ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ នគរបាលកំពុងចាត់ការតាមនីតិវិធីច្បាប់៕



ប្រភព៖ Huy Bunleng News