រថយន្ត

តោះ! មកស្គាល់រថយន្ត Mazda3 ស៊េរីឆ្នាំ2021 ទើបតែចេញថ្មីៗ តម្លៃខ្ទង់ 30,000ដុល្លារ

BY
autoadmin
August 5, 2020

រថយន្ដ Mazda3 ស៊េរីឆ្នាំ2021 បានបង្ហាញខ្លួនហើយ ដោយលើកនេះគឺដើរដោយម៉ាស៊ីន turbo យ៉ាងថ្មីសន្លាង ហើយក្រុមហ៊ុនក៏បានឱ្យដឹងដែរថា វាមានតម្លៃចាប់ផ្តើមពី 29,900 ដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដឹកទៅគោលដៅ ដែលយ៉ាងហោចណាស់គឺ 945ដុល្លារ បន្ថែមទៀត។ ស៊េរីថ្មីនេះគឺមានតម្លៃថ្លៃជាង Mazda3 ធម្មតាដល់ទៅជិត 10,000ដុល្លារ ប៉ុន្តែយ៉ាងណាវាមានម៉ាស៊ីនល្អជាងមុនឆ្ងាយណាស់ ដោយវាបានបំពាក់ជាមួយម៉ាស៊ីន turbocharged ចំណុះ 2.5លីត្រ ស៊ីឡាំង4 ដែលអាចឱ្យរថយន្តថ្មីនេះមានកម្លាំង 250 hp (186kW/253PS) និងកម្លាំងបង្វិល 320 lb-ft (433Nm)។

ម៉ាស៊ីនរបស់វាគឺស៊ីគ្នាជាមួយប្រអប់លេខអូតូ6វគ្គ ដែលផ្ដល់ថាមពលពេញល្អជាមួយនឹងប្រព័ន្ធប៉ុង2 ខណៈដែលប៉ាណាមុខមានការសម្រួលឱ្យមើលទៅដូចរថយន្តស្ព័រ កញ្ចក់ខ្មៅក្រិប និងយ៉ានស្ព័រទំហំ 18អ៉ីញ ពណ៌ខ្មៅក្រិបដូចគ្នា។ ស៊េរីថ្មីនេះក៏មានចង្រ្កៀងភ្លើងរត់ LED daytime running lights, មានផ្លិតទឹក និងបំពង់ស៊ីមាំងធំជាងមុនផងដែរ។ ចំណែកនៅខាងក្នុងកាប៊ីនវិញ អ្នកបើកនឹងទទួលបាននូវកៅអីស្បែក ដំបូលថ្លា (moonroof) និងប្រព័ន្ធផ្លាស់ប្តូរលេខលើដៃចង្កូត (steering wheel with paddle shifters)។

រថយន្តនេះក៏មានប្រព័ន្ធតំបន់សីតុណ្ហភាព2 dual-zone climate control, chrome accents និងប្រព័ន្ធកម្សាន្ត infotainment ដែលអាចភ្ជាប់បានជាមួយ Android Auto និង Apple CarPlay។ អ្វីដែលគួរឱ្យសម្គាល់ផ្សេងទៀតគឺប្រព័ន្ធ head-up display (HUD), Wi-Fi hot spot, កញ្ចក់មើលក្រោយអូតូ និងប្រព័ន្ធសំឡេង 12-speaker Bose ។

វាក៏មានមុខងារជំនួយបើកបរ (driver assistance) បូករួមទាំងប្រព័ន្ធបើកតាមរថយន្តខាងមុខទាំងឈប់និងទៅ (cruise control with stop and go), ហ្វ្រាំងឆ្លាតវៃ (smart brake support), ប្រព័ន្ធផ្តល់សញ្ញាពេលងងឹតជាមួយសញ្ញាព្រមានពេលថយរថយន្ត, ព្រមានពេលជិះធ្លាក់គន្លង និងរក្សាមិនឱ្យធ្លាក់ពីគន្លងផ្លូវ lane departure warning with lane-keep assist និងមានមុខងារសំខាន់ៗជាច្រើនទៀត។

អ្នកទិញដែលកំពុងស្វែងរកភាពប្រណីតបន្ថែម អាចជ្រើសរើសយក Mazda3 2.5 Turbo ជាមួយនឹងកញ្ចប់ពិសេស Premium Plus ដែលវាមានតម្លៃ 32,450 ដុល្លារ សម្រាប់ប្រភេទ sedan និង 33,750 ដុល្លារ សម្រាប់ប្រភេទ hatchback ។ ប្រភេទខ្ពស់ជាងគេ (ថ្លៃជាងគេ) នឹងមានកៅអីស្បែក, ប្រព័ន្ធ GPS, កាង​ក្រោយខ្មៅរលោង និង HomeLink ។ ប្រព័ន្ធសុវត្ថិភាពបន្ថែមមានដូចជា៖ ហ្វ្រាំងជំនួយខាងក្រោយ, មើលទិដ្ឋភាព360ដឺក្រេជាមួយកាម៉េរាសេនសឺខាងក្រោយ, ប្រព័ន្ធ Traffic jam assist និងផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Car Scoops

Share This Post: