ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឪពុកគេ ឪពុកយើង! អរគុណទឹកចិត្តបងៗសមត្ថកិច្ចទាំងអស់គ្នា ដែលបានជួយសង្គ្រោះបុរសចំណាស់ដែលវិលមុខជិះម៉ូតូទៅបុកសួនច្បារដួលងើបមិនរួច ដកដង្ហើមមិនដល់គ្នា

    BY Khmernote Media August 9, 2020
    ឪពុកគេ ឪពុកយើង! អរគុណទឹកចិត្តបងៗសមត្ថកិច្ចទាំងអស់គ្នា ដែលបានជួយសង្គ្រោះបុរសចំណាស់ដែលវិលមុខជិះម៉ូតូទៅបុកសួនច្បារដួលងើបមិនរួច ដកដង្ហើមមិនដល់គ្នា

    រាជធានីភ្នំពេញ ៖ នេះជាគំរូល្អ នេះគឺទឹកចិត្តរបស់ពួកគាត់ សូមសរសើរនិងសូមអរគុណ ក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច ខណៈពេលកំពុងចេញល្បាត ការពារសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន បានយកចិត្តទុកដាក់ជួយសង្គ្រោះគាត់បានទាន់ពេលវេលា បុរសចំណាស់ម្នាក់ជិះម៉ូតូវីវាមួយគ្រឿង ត្រលប់ទៅផ្ទះវិញ បែរជាវិលមុខទប់ខ្លួនលែងបាន ក៏ជ្រុលទៅបុកខឿនសួនច្បារ បណ្ដាលឲ្យដួលងើបលែងរួច ហើយដកដង្ហើមមិនចង់រួច ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ទន្លេបាសាក់ មានទាំងក្រុមអ្នកសារព័ត៌មានយើង បានទៅដល់ដែរ និងបានជួយសង្គ្រោះបឋមដែរ ដោយច្របាច់ដៃច្របាច់ជើង អោយហិតប្រេងខ្យល់ដែរ តែនៅមិនទាន់ងើបរួចដដែល ទើបហៅរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្យចុះមកជួយសង្គ្រោះបានទាន់ពេលវេលា ។

    ហេតុការណ៍បានកើតមានឡើងនៅវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ នៅជិតសួនច្បារនាគបាញ់ទឹក តាមបណ្ដោយផ្លូវជាតិព្រះសីហនុ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ តូ បុណ្យនុរាជ្យ មន្ត្រីនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៥ ចំណុះអធិការដ្ឋាននគរបាលខណ្ឌចំការមន ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការយកចិត្តទុកដាក់ណែនាំពីលោកវរសេនីយ៍ត្រី សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ផងនោះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់អោយជួយមើលបុរសវ័យចំណាស់ម្នាក់ ដែលជិះម៉ូតូ Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-1142 សង្ស័យមានបញ្ហាសុខភាព ធ្វើឲ្យគាត់ជិះទៅបុកខឿនសួនច្បារបណ្ដាលឲ្យដួលលើចិញ្ចើមសួនច្បារខាងលើងើបមិនរួច ហើយថែមទាំងមានអាការ:ដកដង្ហើមមិនដល់គ្នាទៀតនោះ ទើបកម្លាំងល្បាតចុះទៅជួយសង្គ្រោះបឋមសិន ដោយច្របាច់ដៃច្របាច់ជើង អោយហិតប្រេងខ្យល់ដែរ តែនៅមិនទាន់ងើបរួចដដែល ទើបសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់មន្ទីរសម្រាកព្យាបាល សុងការណ៍ និងគ្រូពេទ្យមកដល់កន្លែងកើតហេតុ ធ្វើការជួយសង្គ្រោះបុរសចំណាស់ខាងលើបានទាន់ពេលវេលា ដោយអាចនិយាយបាន និងប្រាប់លេខទូរស័ព្ទទៅកាន់កម្លាំងល្បាតជួយទាក់ទងកូនរបស់គាត់បានដឹងផងដែរ ។ ដោយដំបូងឡើយ គាត់ថាមិនអីទេ ហើយមិនព្រមឡើងឡានពេទ្យទេ ដោយរងចាំសាច់ញាតិកូនចៅគាត់មកជួយដឹកទៅផ្ទះវិញ តែក្រោយមកកម្លាំងល្បាតក៏បានទូរស័ព្ទទៅកូនរបស់គាត់ប្រាប់មកថា នៅម្ដុំចំការដូង ទើបគាត់យល់ព្រមឡើងឡានពេទ្យទៅសម្រាកនៅមន្ទីរពេទ្យតែម្ដង ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ បុរសចំណាស់ខាងលើបានទៅមន្ទីរពេទ្យហើយ ចំណែកឯម៉ូតូរបស់គាត់ ត្រូវបានកម្លាំងល្បាតបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីរងចាំសាច់ញាតិមកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: