ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចូលរៀនវិញនៅខែក្រោយនេះ ហើយការប្រឡងបាក់ឌុបនឹងធ្វើឡើងនៅខែធ្នូ

    BY Khmernote Media August 10, 2020
    រាជរដ្ឋាភិបាលអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចូលរៀនវិញនៅខែក្រោយនេះ ហើយការប្រឡងបាក់ឌុបនឹងធ្វើឡើងនៅខែធ្នូ

    យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩-២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា៖

    ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។

    ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្ស ថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្ដីណែនាំតាមក្រោយ។

    ក្រសួងអប់រំក៏បញ្ជាក់ទៀតថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងសិស្សគ្រឹះស្ថានសិក្សាសាធារណៈ៕

    Share This Post: