ព័ត៌មានជាតិ

UPDATE – ដឹងព័ត៌មានលំអិតបន្ថែម ទាក់ទងករណីនារីចិនលោតទម្លាក់ខ្លួនពីលើជាន់ទី៦ ហើយទើលើកញ្ចក់សំយ៉ាបក្លោងទ្វារសណ្ឋាគារហើយ

BY
Khmernote Media
August 11, 2020

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា តាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា ករណីមនុស្សធ្លាក់ពីលើអគារជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួលមានទីតាំងស្ថិតនៅចំណុចអគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាចជាករណីជំរិតទារប្រាក់។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ យកទៅធ្វើការសាកសួរយ៉ាងល្អិតល្អន់ពីកម្លាំងជំនាញ ជាលទ្ធផលយើងបានរកឃើញ ជនសង្ស័យចំនួន ០៣នាក់ ដែលបានប្រព្រឹត្តបទល្មើស បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតយកប្រាក់ ទៅលើមនុស្សចំនួន ០២នាក់ ប្រុស ០១នាក់ និង ស្រី ០១នាក់ ជាជនជាតិចិន ចំពោះមុខមន្ត្រីជំនាញកំពុងប្រើប្រាស់វិធានការបន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃសភាពការណ៍រឿងនេះ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីជនជាតិចិនម្នាក់បានស្រែកដង្ហើយហៅគេអោយជួយ នៅលើសំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីលើជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

Share This Post: