ផ្ទុះអាវុធបាញ់តតាំងគ្នារវាងសមត្ថកិច្ច និងក្រុមជនល្មើសភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតំបន់កោះពេជ្រ
រាជធានីភ្នំពេញ ៖ មានករណីផ្ទុះអាវុធបាញ់តគ្នារវាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាមួយក្រុមជនល្មើសជាច្រើននាក់ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន កាលពីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចអាគារខុនដូរមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា ក្រុមជនល្មើសប្រដាប់ដោយកាំភ្លើងខ្លី និងវែងបានបាញ់មកលើក្រុមសមត្ថកិច្ចចំនួន៥គ្រាប់ ហើយបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយ៉ាងក្តៅគគុកពេញកោះពេជ្រ បានបណ្តាលឲ្យធ្វើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កោះពេជ្រ មានការភ្ញាក់ផ្អើល និងភ័យខ្លាចផងដែរ។
បន្ទាប់ពីហេតុការណ៍នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះមកបញ្ជាផ្ទាល់ផងដែរ។ លោកឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីតាំងកើតហេតុនោះថា តើមន្ទីរគ្រឿងញៀនត្រូវការបញ្ហាអ្វីខ្លះ? ដើម្បីឲ្យខ្ញុំជួយ ដូចជាយើងត្រូវបិទផ្លូវ ក្នុងតំបន់កោះពេជ្រ ដើម្បីពូនស្ទាក់ចាប់ជនល្មើស និងធ្វើយ៉ាងណារក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែកិច្ចការងារនេះមានការផ្អើលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងកោះពេជ្រ តែកិច្ចការងារនេះសូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ព្រោះការងារនេះ ជាការងាររបស់មន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបគ្រឿងញៀន ក៏មានការផ្ទុះអាវុធ តែបងប្អូនកុំមានការភ័យខ្លាច វាជំនាញរបស់មន្ទីរគ្រឿងញៀនចុះធ្វើប្រតិបត្តិការ។
លោកបន្តថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងបានចុះមកទាន់ពេលវេលាដើម្បីជួយអន្តរាគមន៍ដល់មន្ទីរគ្រឿងញៀន ក្នុងការបង្ក្រាបបទល្មើសនេះ។ លោកបានបញ្ជាក់ថា នៅពេលក្រុមជនល្មើសបានរត់ភៀសខ្លួនទៅបាត់ ហើយកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព និងតាមជំនាញបន្តទៀត ហើយយើងធ្វើយ៉ាងណា ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការរស់នៅក្នុងរាជធានីភ្នំពេញ ហើយសូមអធ្យាស្រ័យដល់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់កោះពេជ្រ ដោយសារមានបញ្ហានេះកើតឡើង មិនមែនជាបំណងប្រាថ្នារបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយមិនមែនជាបង្កដោយមន្ទីរគ្រឿងញៀនដែរ ប៉ុន្តែគឺជាការបង្ក្រាបបទល្មើស ដោយជនល្មើសមានកាំភ្លើង បាញ់មកលើពួកយើងមុន ហើយក្នុងនាមសមត្ថកិច្ចត្រូវតែតដៃដើម្បីបង្ក្រាបបទល្មើសនេះឲ្យបាន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ៕

ដោយ៖ បងម៉េង ខ្មែរណូត