កម្ពុជាគ្រោងចំណាយថវិកាជាង៩០០លានដុល្លារ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុនាពេលខាងមុខ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាង៩០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំ ដើម្បីទប់ស្កាត់ ការប្រែប្រួលអាកាសធាតុនាពេលខាងមុខនេះ បន្ទាប់ពីកម្ពុជាបានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ មានការកើនឡើងគួរអោយកត់សម្គាល់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជានៅទីស្តីកាគណៈ រដ្ឋមន្រ្តីឯកឧត្ដមនេត ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកា មួយគុណនិង៤ដង សម្រាប់អនុវត្ដក្នុងគម្រោងជាង១៧០ នៅក្នុងវិស័យចំនួន១៥ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធដែលធននឹងអាកាសធាតុ។
ឯកឧត្ដមបន្ដថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ដើម្បីដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០។
ឯកឧត្ដមបន្ដទៀតថា ប្រទេសកម្ពុជាគឺជាប្រទេសទទួលរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសបង្កនោះទេ ជាក់ស្តែងមានតំបន់ខ្លះនៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យជន់លិចបង្កជាទឹកជំនន់ ឬមានការរាំងស្ងួត និងមានខ្យល់ព្យុះ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ និងផលដំណាំ។ ចំណែកឯការឆ្លើយតបវិញនៅមានកម្រិតចំពោះដំណោះស្រាយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន