រដ្ឋបាលខេត្តព្រះសីហនុ ស្នើនាយកក្រុមហ៊ុនកោះពស់ បើកចរាចរណ៍ជាសាធារណៈស្ពានកោះពស់ឡើងវិញ
យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញ-ចូលជាសាធារណៈ។

ក្នុងន័យនេះស្ពានកោះពស់ក៏បានបិទច្រកទ្វារមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ហេតុដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឲ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តនៅខេត្តព្រះសីហនុឲ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក ហើកចរាចរណ៍ជាសាធារណៈនៅលើស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ៕
