ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បារម្ភចំពោះគ្រឿងញៀនចូលដល់សហគមន៍ ខណៈជំងឺកូវីដ-១៩ មិនចូលដល់សហគមន៍

    BY Khmernote Media August 13, 2020
    រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បារម្ភចំពោះគ្រឿងញៀនចូលដល់សហគមន៍ ខណៈជំងឺកូវីដ-១៩ មិនចូលដល់សហគមន៍

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបង្ហាញនូវការ ព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលបានចូលដល់ក្នុងសហគមន៍ ខណៈជំងឺកូវីដ-១៩​មិនទាន់រីករាលដាលដល់សហគមន៍នៅឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡា​ហោម ស ខេង បានស្នើឱ្យអាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះ​បញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ-១៩។

    សម្តេច​ក្រឡា​ហោមបានថ្លែងថា “កម្ពុជាមកដល់ពេលនេះមានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅហើយចំណុចសំខាន់មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ហើយព្យាបាលបានទៀត”។ សម្ដេចក្រឡាហោមបានបន្ដថា ជំងឺកូវីដ-១៩នៅ​កម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជន បទឡើយ ដូច្នេះប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ គ្រប់ពេលវេលា។ សម្ដេចក្រឡាហោមបានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធ​មួយចំនួនបានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

    សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែល​បាន​ចូលរួមទប់ស្កាត់ជំងឺ កូវីដ-១៩។ ទោះបីយ៉ាងណាក៏ដោយ ជំងឺកូវីដ-១៩ មិនទាន់ ធូរស្រាល​នៅឡើយ ដូច្នេះបន្ដទប់ស្កាត់ជំងឺ កូវីដ-១៩បន្ថែមទៀត។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា “បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩​ទៀត ដោយសារកូវីដ-១៩មិនទាន់ដល់ជនបទទេ។ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើម​បញ្ជា្រប​ដល់ជនបទហើយ។ ខ្ញុំបានពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់ខេត្តទាំងអស់ គឺខ្ញុំ​កត់​សម្គាល់បញ្ហាទាំងប៉ុន្មាននឹងទេ ជាពិសេសបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍”។

    សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀន នៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំ​ឱ្យ​ពិបាក ធ្វើការទប់ស្កាត់។ ទន្ទឹមនេះ នាពេលកន្លងមកអាជ្ញាធរ ក៏បានបង្ក្រាបបទល្មើស គ្រឿងញៀន បានធ្វើយ៉ាងច្រើនផងដែរ។

    សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកផងដែរថា នៅពេលមិនទាន់រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ គឺមានអ្នកស្លាប់ក្នុងមួយថ្ងៃចាប់ពី ០៦នាក់ ទៅ០៧នាក់ តែក្រោយការ​រឹតបន្ដឹង​ ច្បាប់​ចរាចរណ៍ គឺមានស្លាប់ក្នុងមួយថ្ងៃ ២-៣-៤នាក់។ សម្ដេចក្រឡា​ហោម​បានបន្ថែមទៀតថា “ការរឹតបន្ដឹងច្បាប់ចរាចរណ៍មិនអាច​លុប​បំបាត់មិនឱ្យមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ១០០ភាគរយ បានឡើយ”៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: