ត្រឹមតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជិត ៦៧,០០០ នាក់ ដែលជាចំនួនហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈចំនួនឆ្លងសរុបបានកើនដល់ ២.៤ លាននាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ជិត ៦,៧០០០ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលការស្លាប់បានកើនឡើងដល់ ៤៧,០០០នាក់។ តួលេខថ្មីចុងក្រោយនាំឱ្យករណីជំងឺ COVID-19 នៅឥណ្ឌាកើនឡើងដល់ ២.៤ លាននាក់ និងជាប្រទេសលេខ៣ នៅលើពិភពលោក ដែលមានករណីឆ្លងច្រើនបំផុត។

ប្រទេសឥណ្ឌាបានកត់ត្រាករណីរាប់ម៉ឺនករណីជារៀងរាល់ថ្ងៃក្នុងរយៈពេលចុងក្រោយនេះ ហើយយ៉ាងហោចណាស់មានករណីចំនួន ៥០,០០០ ត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៥ថ្ងៃ ជាប់ៗគ្នាកន្លងមកនេះ។ ពិភពលោកទាំងមូលពេលនេះមានករណីជំងឺ COVID-19 សរុប ២០.៨ លាននាក់ ខណៈការស្លាប់មានជាង ៧៤ម៉ឺននាក់ហើយ។ ប្រទេសមានករណីច្រើនបំផុតគឺអាមេរិក ដោយមានករណីសរុបជាង ៥លាននាក់ និងបន្ទាប់មកទៀតគឺប្រេស៊ីល ជាមួយករណីសរុបជាង ៣លាននាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia