ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយមានការផ្ទុះអាវុធបាញ់តតាំងនៅតំបន់កោះពេជ្រ សមត្ថកិច្ចបានចូលឆែកឆេរបន្ទប់មួយក្នុងខុនដូរ Diamond One នៅកោះពេជ្រ រកឃើញម្ស៉ៅ និងក្រាមសជាច្រើនសង្ស័យជាគ្រឿងញៀន

    BY Khmernote Media August 14, 2020
    ក្រោយមានការផ្ទុះអាវុធបាញ់តតាំងនៅតំបន់កោះពេជ្រ សមត្ថកិច្ចបានចូលឆែកឆេរបន្ទប់មួយក្នុងខុនដូរ Diamond One នៅកោះពេជ្រ រកឃើញម្ស៉ៅ និងក្រាមសជាច្រើនសង្ស័យជាគ្រឿងញៀន

    រាជធានីភ្នំពេញ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលខណ្ឌ ចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី និងលោក សេង រតនៈ ជាក្រឡាបញ្ជី ឲ្យធ្វើការឆែកឆេរបន្ទប់លេខ៧២១ ជាន់ទី៧ នៃខុនដូរ Diamond One ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

    ប្រតិបត្តិការនេះធ្វើឡើង ក្រោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ចំពោះក្នុងហេតុការណ៍នោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់វិញ ។

    ជាលទ្ធផលក្នុងការឆែកឆេរសមត្ថកិច្ចយើងបាន រកឃើញសម្ភារៈវត្ថុតាងរួមមាន៖ ១-ម្សៅម៉ត់ពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ថង់ (តូច០៤កញ្ចប់ និងធំ០៣កញ្ចប់) ២-ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់ ៣-ម្សៅម៉ត់ពណ៌ស លាយពណ៌ទឹកដោះគោចំនួន០១កញ្ចប់តូច។ ៤- កញ្ឆាក្រៀមចំនួន០១កញ្ចប់ ៥-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង ៦-សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ៧-អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០១ដើម ៨-រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1235 ចំនួន០១គ្រឿង។ បច្ចុប្បន្នសម្ភារៈវត្ថុតាងនិងជនសង្ស័យខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: