ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិនចេញពីកន្លែងផឹកស៊ី បើករថយន្តស៊េរីទំនើប Range Rover បុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ញារជើងកណ្តាលផ្លូវ

    BY Khmernote Media August 15, 2020
    ជនជាតិចិនចេញពីកន្លែងផឹកស៊ី បើករថយន្តស៊េរីទំនើប Range Rover បុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ញារជើងកណ្តាលផ្លូវ

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត Range Rover ស៊េរីទំនើបក្នុងល្បឿនយ៉ាងលឿន បានបួងចង្កូតបត់ស្ដាំ ទាំងមិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យរងរបួសជើងម្ខាងដើរលែងរួច ត្រូវបានអ្នកឃើញហេតុការណ៍ជួយលើកចេញមកខាងក្រៅ ហើយមានមិត្តភក្តិមកដឹកចេញទៅបាត់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ៖ នៅមុនកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AL-2721 បើកបរដោយបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងព្រោះមានអ្នកឃើញហេតុការណ៍បញ្ជាក់ថា ទើបចេញពីផឹកស៊ីជាមួយជនជាតិចិនមួយក្រុមទៀតនៅភោជនីយដ្ឋានមួយកន្លែងនៅជិតកោះពេជ្រ លុះពេលធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ក្នុងល្បឿនលឿន ខណៈមកដល់ស្តុបចំការមន ជាចំណុចកើតហេតុ រថយន្តមិនបន្ថយល្បឿនទេ បានព្យាយាមបួងចង្កូតបត់ស្ដាំឡើងមកផ្លូវព្រះនរោត្តម ក៏រេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត និងរងការខូចខាតខ្ទេចយ៉ាងដំណំ ចំណែកឯរបាំងថ្មពុះចែកផ្លូវបាក់អស់១កង់ និងខូចខាត២កង់ បាក់ស្លាកសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាភ្លឹបភ្លែត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ចោមរោមមើល និងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ។ ប្រភពដដែលអះអាងថា ជនជាតិចិនដែលជាអ្នកបើកបរបានរងរបួសជើងម្ខាងដើរលែងរួច ត្រូវបានអ្នកឃើញហេតុការណ៍ជួយលើកចេញមកខាងក្រៅតាមទ្វាររថយន្តផ្នែកខាងក្រោយ ហើយស្រាប់តែមានមិត្តភ័ក្តដែលជាជនជាតិចិនដូចគ្នា បានមកដឹកចេញទៅបាត់ មុនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បន្សល់ទុករថយន្តក្រឡាប់ផ្ងារជើងម្ខាងចោលកណ្ដាលផ្លូវ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានចុះដល់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកសហការជាមួយជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តអោយចូលខ្លួនធ្វើការដោះស្រាយលើការបែកបាក់របាំងថ្ម ដែលជាសម្បត្តិសារធារណៈនោះនៅពេលក្រោយ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post: