ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន៖ ស្រ្តីជនជាតិវៀតណាម និងកូនប្រុស ពិតជាបាន លួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង​ ពិតប្រាកដមែន, ពេលនេះក្រសួងសុខាភិបាលបានរកឃើញហើយ

    BY Khmernote Media August 18, 2020
    លោកជំទាវ ឱ វណ្ណឌីន៖ ស្រ្តីជនជាតិវៀតណាម និងកូនប្រុស ពិតជាបាន លួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង​ ពិតប្រាកដមែន, ពេលនេះក្រសួងសុខាភិបាលបានរកឃើញហើយ

    មុននេះបន្តិចលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មាន​ថា៖ ករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ​ ៣៧ឆ្នាំ​ និងកូនប្រុសអាយុ​ ១៣ឆ្នាំ​ បានលួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង​ ពិតប្រាកដមែន។ ស្ត្រីជនជាតិវៀតណាមរូបនេះ​ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី)​ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារមិនអាចរកសុីបាននៅទីនោះ​ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២០​។

    នៅវេលាម៉ោងប្រហែល​ជា​ ០៥ព្រឹក ពេលចូលដល់កម្ពុជា​ គាត់និងកូនគាត់​ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី​ ធ្វេីការត្រួតពិនិត្យសុខភាព​ ដែលមិនមានរោគសញ្ញា​ ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡេីយ​។ ដោយអនុវត្តវិធានការសុខាភិបាល​ ក្រុមគ្រូពេទ្យ​ បានដឹកស្ត្រី​ និងកូននេះ​ តាមរថយន្តពេទ្យ​ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង​។ នៅម៉ោង​ប្រហែលជា ០០:៣០នាទី​ នៃថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២០​ ក្រុមគ្រូពេទ្យបានទៅពិនិត្យមេីលស្ថានភាពរបស់គាត់​ ឃេីញមានសភាពធម្មតា​ ហេីយនៅម៉ោង​ ០៥:៣០នាទីព្រឹក​ ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត​ តែមិនឃេីញស្ត្រី​រូបនេះ​ និងកូនគាត់នៅក្នុងបន្ទប់ឡេីយ។

    ដូច្នេះ​ ស្រ្តីជនជាតិវៀតណាមរូបនេះ​ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង​ ០៥:៣០ព្រឹកនៃថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២០​ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡេីយ​។ បេីតាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ដែលទទួលបាននៅវេលាម៉ោង១៨:០០នាទីនៃថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២០នេះ​ បានបង្ហាញថា​ ស្ត្រី​ និងកូនប្រុសខាងលេី​ បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង​ នៅវេលាម៉ោងប្រហែលជាជិត​ ០៥ព្រឹកនៃថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២០​ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង​ ០៨ព្រឹក​ បានបន្តដំណើរដោយរថយន្តឈ្នួល​មកខេត្តកំពង់ឆ្នាំង​ មក ដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង​ ១០ព្រឹកនៃថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។

    ស្ត្រីរូបនេះក៏បានអះអាងផងដែរថា​ នៅផ្ទះរបស់គាត់ៗមិនបានជួបជាមួយបងប្អូនគាត់ទេ​ ដោយរូបគាត់និងកូនប្រុស​ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង​ ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង ប្រហែលម៉ោង ១៧:៣០នាទី នៃថ្ងៃដដែល​។ ក្រុមការងារបានពិនិត្យកំដៅគាត់​ និងកូនគាត់​ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺ​ ក​ ឫ ហត់​ ដែលគួរឲ្យចាប់អារម្មហ៌នោះឡេីយ។ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ក៏បានអប់រំ និង ណែនាំពន្យល់ស្ត្រីរូបនេះ​ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន​ ១៤ថ្ងៃ​ ដោយរាប់សារឡេីងវិញ​ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ក្រុមការងារ​ និងបន្តការអនុវត្តច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ។ ខ្ញុំ​ សូមបញ្ជាក់ជូនផងដែរថា​ លទ្ធផលតេស្តលេីកទី១​ របស់គាត់​ និងកូនគាត់​ នៅថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២០​ គឺ​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងពីរនាក់​ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ កំពុងបន្តតាមដានសុខភាពគាត់​ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត។ អាស្រ័យដូចបានជម្រាបជូនខាងលេី​ សូមសាធារណជន​ និងអ្នកសារព័ត៌មាន​ទាំងអស់ មេត្តាជ្រាប៕

    Share This Post: