លឺសូរសំលេងផ្ទុះពីផ្ទះម្ខាងទៀតនៅខាងក្រោយផ្ទះ ដល់ពេលរត់ចេញមកខាងក្រៅមើល ឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣៩០ កែងផ្លូវ១០៥ ក្រោយផ្ទះសំណាក់ស្រែខ្លុង ស្ថិតក្នុងសង្កាត់បឹងងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសូរផ្ទុះពីផ្ទះម្ខាងទៀត នៅខាងក្រោយផ្ទះគាត់ រួចគាត់បានរត់ចេញមកខាងក្រៅមើលទៅឃើញអណ្តាតភ្លើងឡើងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរ ខាងកម្លាំងសមត្ថកិច្ចបានទាក់ទងទៅខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។ សូមបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមិនមានមនុស្សរងរបួស និងស្លាប់នោះទេ គ្រាន់តែរងការខូចខាតសម្ភារទាំងស្រុងនិង ផ្ទះអស់ចំនួន ៣ ខ្នង ហើយប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១៧គ្រឿង។ បើតាមការបញ្ជាក់ពីខាងម្ចាស់ផ្ទះថា ករណីអគ្គិភ័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីផ្ទុះទូទឹកកក។
អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះផងដែរ ក៏មានអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តាយផ្លូវ៣៩០ កែងផ្លូវ ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។ ឡានទឹកបានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ ត្រឹម៉ោង០៧ និង២២នាទីអគ្គិភ័យដែលឆេះផ្ទះ បានរលត់ទាំងស្រុងហើយ៕

ដោយ៖ បងម៉េង ខ្មែរណូត